ខូចសុខភាពអស់ហើយ ឃើញលក់ថោកៗ មិនដឹងសាច់សត្វមានជំងឺ ឬខូចគុណភាពទេ ! មន្ត្រីជំនាញ ចុះឆែកឆេរឃ្លាំងស្តុក១កន្លែង រកឃើញសាច់បង្កកនាំចូលពីបរទេសដោយគ្មានច្បាប់យ៉ាងច្រើនសម្បើម ជិត ៤០០តោន!!
សន្តិសុខសង្គម
231

យោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រុមការងារបានរកឃើញសាច់បង្កក គ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុបទ ២៤,៤២៤ កេះ, ស្មើនឹង ៣៧០.៧៨៧ គីឡូក្រាម ។

លោក ហ៊ុន សារ៉ាត់ បន្តថា សាច់សត្វបង្កកខាងលើទាំងអស់នេះត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ ហើយក្រុមការងារបានស្នើសុំព្រះរាជអាជ្ញា បិទឃ្លាំងបង្កកសាច់សត្វខាងនេះជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។

គួរជម្រាបជូនថា សាច់បង្កកខុសច្បាប់ បាននឹងកំពុងក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះអ្នកពាក់ព័ន្ធ ព្រោះវាត្រូវបានជនមិនសុច្ចរិតប៉ុន្មាននាក់លួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យ និងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិត និងបារម្ភណ៍ដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ ពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះគឺជាសាច់ខូចគុណភាព ហួសកាលរបរិច្ឆេទបរិភោគ ឬជាសាច់សត្វមានជំងឺដែលត្រូវគេកម្ទេចចោល ហេតុនេះពួកគេនាំយកមកលក់ថោកៗជាងថ្លៃដើមផលិតយ៉ាងឆ្ងាយ ។

មិនគួរមើលរំលងទេ ការចាប់សត្វរស់ សាច់សត្វ ស៊ុតសត្វ និងផលិតផលធ្វើពីសាច់សត្វ ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាបបានជាបន្តបន្ទាប់ ដូចជាកាលពីម្សិលម្ងៃ និងប៉ុន្មានថ្ងៃចុងក្រោយនេះជាដើម ហើយជាការកត់សម្គាល់ រាល់ប្រតិបត្តិការទាំងនោះ លោក ហ៊ុន សារ៉ាត់ មានវត្តមានដោយផ្ទាល់យ៉ាងសកម្ម ៕


Telegram