សិស្សសាលាជិះម៉ូតូបង្ហោះតាមផ្លូវ អួតគេថាឯងឡូយ ត្រូវសមត្ថកិច្ចឃាត់បាន ឲ្យបត់ជើងសំពះឪពុកម្តាយ
សន្តិសុខសង្គម
138

ខេត្តកណ្តាល ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្អាង នៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានចុះល្បាតក្នុងភូមិសាស្រ្ដ ស្ថិតនៅចំណុចផ្លូវជាតិលេខ២១B ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង បានប្រទះឃើញក្មេងទំនើងឈ្មោះ ពៅ ធារ៉ា ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ជាសិស្សថ្នាក់ទី៩(C) នៃវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន ព្រែកអំបិល (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពបើកបរម៉ូតូម៉ាកហុងដាគប់ជ្រុង C50 ពណ៌ទឹកប៊ិច ផ្លាកលេខកណ្តាល 1Q 4775 ជិះតែម្នាក់ឯង ពីទិសខាងត្បូងទៅទិសខាងជើង ក្នុងល្បឿនលឿន និងបង្ហោះតាមផ្លូវ ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកស្អាង ។

តាមចម្លើយសារភាពរបស់ឈ្មោះ ពៅ ធារ៉ា ខ្លួន និងបក្សពួកកន្លងមកធ្លាប់បានធ្វើសកម្មភាពក្មេងទំនើងបង្ហោះម៉ូតូ ចំនួន ២៨លើក ចាប់ពីព្រំប្រទល់ស្រុកស្អាង រហូតដល់ព្រំប្រទល់ស្រុកកោះធំ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច​ បាននាំយកក្មេងទំនើងឈ្មោះ ពៅ ធារ៉ា មកធ្វើកិច្ចសន្យាណែនាំអប់រំនៅអធិការដ្ឋាននគរបាលស្រុក និងបានប្រគល់ឲ្យអាណាព្យាបាល​មកធានា យកកូនទៅអប់រំបន្ត ៕


Telegram