រកឃើញវត្ថុបុរាណ៨មុខ ក្នុងខេត្តតាកែវ រង់ចាំការវាយតម្លៃសម្រេចពីក្រសួងវប្បធម៌ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ
សន្តិសុខសង្គម
357

ខេត្តតាកែវ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាន នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ទៅសហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងក្រុមការងារជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃស្រុកសំរោងសរុបចំនួន ២៣ នាក់ ចុះទៅពិនិត្យចេតិយ និងវត្ថុបុរាណ ដែលស្ថិតនៅទីតាំង០១កន្លែង នៅក្នុងស្រុកសំរោង ខេត្តតាកែវ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមការងារបានពិនិត្យរកឃើញនូវវត្ថុបុរាណចំនួន ៨មុខផ្សេងៗ រួមមានពូថៅថ្មចំនួន ០៣ បំណែកអង្រែចំនួន ០១ កុឡាភាជន៍ចំនួន ០៣ បំណែក និងបល្ល័ង្គធ្វើពីស្ពាន់ចំនួន ០១ ហើយព្រមទាំងបានធ្វើកំណត់ហេតុ និងលិខិតធានារក្សាទុកវត្ថុបុរាណទាំងនោះជាមួយព្រះចៅអធិការវត្តអង្គស៊ូឃ្លាំងមួយរយៈ និងរង់ចាំការពិនិត្យ វាយតម្លៃសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីនាំយកមករក្សាការពារនៅសារមន្ទីរ ទុកជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ ៕


Telegram