រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ ពាក់ព័ន្ធករណីឃាតកម្ម (កាប់សម្លាប់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទី នៅត្រង់ចំណុចលើចិញ្ចើមផ្លូវវិមានឈ្មះឈ្នះ ក្នុងភូមិត្រពាំងរាំងចាស់ សង្លាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានហើយ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណី កាប់ប្លន់នេះ យកបានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JR 9590 ពីជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ បង្ករឡើងដោយជនសង្ស័យមួយក្រុមមានចំនួន០៤នាក់ ភេទប្រុស អាយុប្រហែល១៩ ទៅ២០ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូចំនួន០២គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ កាំបន្ទះមុខក្រោយពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ និងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ (មិនចាំផ្លាកលេខ) ។
ក្រោយពីមានករណីនេះកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន ដោយបានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញ បានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ អេង សំណាង ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ
ឃាត់ខ្លួនបាននៅត្រង់ចំណុច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទី ពួកខ្លួនពិតជាបានកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JR 9590 និងបណ្តាលឲ្យជនរងគ្រោះស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី ៕