រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈឪពុកម្តាយបាត់កូន ២ថ្ងៃមកហើយ រកមិនឃើញ បែរជាមកឃើញស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ដោយសភាពចងក តែចម្លែកត្រង់មានសោរចាក់ទ្វារពីខាងក្រៅទៅវិញ មិនទាន់ដឹងជាករណីឃាតកម្ម ឬក៏ជាករណី អ្វីនៅឡើយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ជាង៤ល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ជាន់ទី២ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីសាច់ញាតិ បានប្រាប់ TVFB ឲ្យដឹងថា សពដែលស្លាប់មានឈ្មោះ ស៊ីម រ៉ាឌី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ រស់នៅក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នាក់នៅបន្ទប់ជួល ផ្សេងពីបន្ទប់ដែលកើតហេតុនេះ និងបានបាត់ខ្លួន ២ថ្ងៃមកហើយ ពោលគឺតាំងពីថ្ងៃទី៥ ខែធ្នូ មកម្ល៉េះ លុះដល់ថ្ងៃកើតហេតុ អ្នកជិតខាងធំក្លិនស្អុយចេញពីបន្ទប់ជួលជាន់ទី២ មួយកន្លែង ដែលបន្ទប់នេះអ្នកជួលជាមនុស្សប្រុស តែមិនទាន់ដឹងថា ជាសង្សារ ឬក៏ជាមិត្តភក្តិនៅឡើយទេ អើតមើលក៏ឃើញសពនារីរងគ្រោះស្លាប់ហើមស្អុយ ក្នុងសភាពចងក តែចម្លែកត្រង់មានសោរចាក់ទ្វារពីខាងក្រៅទៅវិញ ។ ចំណែកខាងប្រុសនោះ គេចខ្លួនបាត់ទៅហើយ មិនឃើញនៅទីតាំងកើតហេតុនោះទេ។
ជុំវិញករណីនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ពិសេសសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ និងជំនាញផ្នែកកោលស្យវិច័យ កំពុងហ៊ុំព័ទ្ធខ្សែពិនិត្យនៅទីតាំងកើតហេតុ ថាតើជាករណីអ្វីឲ្យប្រាកដ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ៕ មេសា