រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះនៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឲ្យបានដឹងថា ជនសង្ស័យម្នាក់ ដែលជាអតីតបេក្ខជនក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodia idol ឡាច ណុច បច្ចុប្បន្នជាអ្នកចម្រៀងតាមភោជនីយដ្ឋាន ត្រូវបានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ប្រដេញចាប់ខ្លួនបានភ្លាមៗ ខណៈឆក់ខ្សែក ពីយុវជនម្នាក់ តែរត់មិនរួច ដោយសារជិះម៉ូតូរត់ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតដួល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។
ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕