រាជធានីភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងព្រហ្មទណ្ឌ ស្រាលនិងព្រហ្មទណ្ឌធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងកម្លាំងព្រហ្មទណ្ឌសែនសុខ និងខណ្ឌទួលគោក តាមប្រមាញ់បានហើយ ករណី កាប់និងធាក់ប្លន់យកម៉ូតូ យ៉ាងសកម្ម ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី ត្រង់ចំណុចខាងមុខហាងដៃអូន ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជនរងគ្រោះឈ្មោះ ឃឹម គឹមហ៊ា ហៅចាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៨ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១ឈ្មោះ ពៅ ឌូ ហៅអាហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាក ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌុមានជ័យ រាជធានីភ្នំពេញ , ទី២ឈ្មោះ សុខ តុលា ហៅតុ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៤០នាទី ។
ក្នុងនោះ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ 1kk-8727 មានលេខតួនិងលេខម៉ាស៊ីន0086765 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ),ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1KG-0520 មានលេខតួនិងលេខម៉ាស៊ីន0083947 ចំនួន០១គ្រឿង(របស់ជនសង្ស័យ)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ 1KK-8727 ម្នាក់ឯងចេញពីបន្ទប់ជួលលេខ៨ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីទៅរកការងារធ្វើនៅម្តុំព្រៃស។ ពេលជនរងគ្រោះបើកម៉ូតូម៉ាកខាងលើ ទិសដៅពីលិចទៅកើត ដល់ត្រង់ចំណុចខាងមុខហាងដៃអូន ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿង ទី១ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1KG-0520 ទី២ម៉ូតូម៉ាកស្កូបពី ពណ៌ស ជិះស្របទិសគ្នាជាមួយជនរងគ្រោះដែរ។ ពេលនោះជនសង្ស័យបានជិះម៉ូតូមកអែបខាងឆ្វេងដៃជនរងគ្រោះ រួចធ្វើសកម្មភាពធាក់កងម៉ូតូខាងមុខរបស់ជនរងគ្រោះបណ្តាលឲ្យដួល ហើយបក្ខពួកជនសង្ស័យបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះចំនួន០១កាំបិត បណ្តាលឱ្យរងរបួសត្រង់ចន្លោះមេដៃខាងស្តាំ(របួសសើស្បែក) និងរងរបួសលើដើមដៃខាងឆ្វេងដោយសារដួលម៉ូតូ រួចក្រុមជនសង្ស័យបានយកម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះជិះគេចខ្លួនទៅទិសខាងលិចបាត់ ។ ជនរងគ្រោះក៏បានស្រែកថាចោរៗ រួចកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ ក៏បានជួយអន្តរាគមន៍ដេញតាមក្រោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ពៅ ឌូ ហៅអាហ្វុង រួមទាំងវត្ថុតាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1kk-8727 ត្រង់ចំណុចខាងមុខផ្សារឯករាជ្យ៣ សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១៥និង២០នាទីថ្ងៃខែឆ្នាំដដែល ។
បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ក៏បានទៅសហការជាមួយនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះសុខ តុលា ហៅតុ ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1KG-0520 របស់ជនសង្ស័យ ត្រង់ចំណុចសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៥និង៤០នាទី ថ្ងៃខែឆ្នាំដដែល យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពៅ ឌូ ហៅអាហ្វុង និងឈ្មោះ សុខ តុលា ហៅតុ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចងថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពធាក់និងកាប់ប្លន់ជាមួយបក្ខពួកចំនួន០២នាក់ទៀត ទី១ឈ្មោះ ហ័ង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញទី២ឈ្មោះ ស៊ីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់មានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(គេចខ្លួន) យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ 1kk-8727 (របស់ជនរងគ្រោះឃឹម គឹមហ៊ា ហៅចាន់) ប្រាកដមែន ។
ក្រោយពីមានចម្លើយសារភាព របស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ