ឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយទិញកាបូបម៉ាក CHANEL COCO តម្លៃជិត៤០០០ដុល្លារ ហើយអត់ឲ្យលុយគេ!
សន្តិសុខសង្គម
236

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នាថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ភេទស្រី តាមដីការបង្គាប់ឲ្យនាំខ្លួនរបស់លោក ស សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយកាលពី ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២៣​ យោង​បណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ Emily Emily ឆាតទៅជនរងគ្រោះដើម្បីចចារទិញកាបូបម៉ាក CHANEL COCO LIZARD HANDLE ក្នុងតម្លៃ ៣៨០០ដុល្លារ ហើយក្រោយពីបានទទួលកាបូបរួច ជនសង្ស័យមិនបានទូរទាត់ប្រាក់ឲ្យជនរងគ្រោះឡើយ​ ។

បច្ចុប្បន្ន​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការតាម​នីតិវិធី​នៃ​ច្បាប់​ ៕


Telegram