រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០ និង ៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសរងគ្រោះ (ជាជនជាតិកូរ៉េ) ដែលកំពុងដលរតែមិនបានសម្រេច។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញនឹង ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចមុខក្រសួងរុក្ខាប្រម៉ាញ់នឹងនេសាទ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មាន៖
*ទី១៖ ឈ្មោះ ស៊ុង រតនៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះម្តុំព្រែកហូរ។
*ទី២.៖ ឈ្មោះ ចិន ម៉េងហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវមិនចាំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនោះសម្ភារៈដកហូតមាន ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1R-3422 (របស់ជនសង្ស័យ)។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕