ក្រុមចោរដៃស្អិត៣នាក់ ឆក់កាបូបយ៉ាងសកម្ម ត្រូវសមត្ថកិច្ចប្រដេញចាប់តាំងពីខណ្ឌបឹងកេងកង រហូតចាប់បានក្នុងភូមិសាស្ត្រខណ្ឌដង្កោ!
សន្តិសុខសង្គម
155

រាជធានីភ្នំពេញ ៖ ​ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ៣នាក់ ជាមុខសញ្ញាឆក់កាបូប នៅខណ្ឌបឹងកេងកង ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣​ វេលាម៉ោង​២២និង១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​លេខ៥៧ កែងផ្លូវលេខ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន៣គ្រឿងមានគ្នា ចំនួន៥នាក់ បានធ្វើសកម្មភាព​ឆក់​កាបូបស្ពាយពីនារីរងគ្រោះ (ជាជនជាតិចិន) ដែលកំពុងដើរតែមិនបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វើការប្រដេញ និង​ឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចផ្លូវលំ​ ​ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុងនោះរួមមាន៖

*១៖ ​ឈ្មោះ​ អឿន​ ប្រុសបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ​ ផ្លូវលំ​ ក្នុងសង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បិទគូទ)។

*២៖ ​ឈ្មោះ​ ជា​ រតនៈពិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំ​ ផ្លូវ​មិនចាំ សង្កាត់ដង្កោ ខណ្ឌដង្កោ​រាជធានីភ្នំពេញ (បិទគូទ)។

*៣៖ ​ឈ្មោះ​ លុន​ មុយមាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ​មិនចាំ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ(បិទគូទ)។ រីឯជនដៃដល់ទាំង២នាក់ បានផ្តួលម៉ូតូរត់គេចខ្លួនបាត់នៅមុខវត្តបឹងជេីងឯក។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចដកហូតបាន៖

១៖ ម៉ូតូស៊ុយស៊ូគី​ និច ពណ៌ស ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1IW-3302 (របស់ជនសង្ស័យ)

២៖ ម៉ូតូហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1JJ-7405 (របស់ជនសង្ស័យ)

៣៖ ម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1JN-9081(របស់ជនសង្ស័យ)។

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕


Telegram