ស្នងការខេត្តកំពត ផ្អាកការងារលោកមេប៉ុស្តិ៍ស្រែចែង និងលោកអធិការរងទទួលគ្រឿងញៀន ក្រោយឃាត់ខ្លួនយុវជនម្នាក់ ឆែកឆេររកគ្រឿងញៀន លុះរកមិនឃើញទារប្រាក់ ៧០ម៉ឺនរៀលទើបដោះលែង!
ខេត្តកំពត ៖ ក្រោយមានការចុះផ្សាយ ពាក់ព័ន្ធករណី លោកមេប៉ុស្តិ៍ និងលោកអធិការរងទទួលគ្រឿងញៀន ដែលបានឃាត់ខ្លួនយុវជនម្នាក់ ឆែកឆេររកគ្រឿងញៀន លុះពេលរកមិនឃើញបែរជាទារប្រាក់ ៧០ម៉ឺនរៀល ទើបដោះលែង ពេលនេះចេញលទ្ធផលហើយ ។
យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា« សូមជំរាបជូនសាធារណៈជនអោយបានជ្រាប តាមរយៈការចុះធ្វើអធិការកិច្ចប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារពិតជាបានរកឃើញថា លោកមេប៉ុស្តិ៍ និងលោកអធិការរងទទួលគ្រឿងញៀន ពិតជាបានធ្វើខុសនឹងវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិពិតប្រាកដមែន ។ ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពត សម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក គង់ កប នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរីចាប់ពីថ្ងៃនេះតទៅ ។ 08.12.23 » ។