ខេត្តតាកែវ ៖ ពិតជារន្ធត់ណាស់ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តបិទតែមឡូហ្គូ Camel បុកនិងកិនមនុស្សអូសជាប់ក្រោមកង់ ដាច់ដៃ ដាច់ខ្លួនយ៉ាងរន្ធត់បំផុត រួចអ្នកបើកចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ៣៥នាទីយប់ ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1X-4036 បើកមកពីទិសខាងជើង ទៅត្បូង ដោយឈ្មោះ វ៉ន ពាញ ភេទប្រុស អាយុ៦១ ឆ្នាំ មុខរបរមេភូមិ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល បាន បុកជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង បិទតែមឡូហ្គូ Camel ពាក់ស្លាកលេខ ភ្នំពេញ3C-6489 បើកមកពីទិសខាងត្បូងទៅជើង បញ្ច្រាសទិសគ្នា ពេញទំហឹង កិនមនុស្សអូសជាប់ក្រោមកង់ ដាច់ដៃ ដាច់ខ្លួនយ៉ាងរន្ធត់បំផុត រួចអ្នកបើកចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល ។
ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា ដោយអ្នក បើកបរម៉ូតូ ពីជើងទៅត្បូងមានល្បឿនលឿន បានរ៉េចង្កូតមកចំណែកផ្លូវខាងកើត ស្របពេលនោះក៏មានរថយន្តបើកមកពីទិសខាងត្បូងទៅជើងមានល្បឿនលឿន គេចមិនផុតក៏បុកនិងកិនតែម្ដង។
ពេលនេះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីស្រាវជ្រាវ និងបំពេញបែបបទបន្តតាមនីតិវិធី ៕ អែល វិចិត្រ