រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ ត្រូវបានឃាតកចាក់ស្លាប់ផ្កាប់មុខក្នុងថ្លុកឈាមយ៉ាងរន្ធត់ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកព័ទ្ធខ្សែពិនិត្យស្រាវជ្រាវ។
ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ចំណុចផ្លូវបេតុង ក្បែររបងផ្ទះលេខ១៦៦ ក្រុមទី៧ ភូមិទី៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ភ្លាមៗគេឃើញសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកកោលសវិច័យ បានចុះមកធ្វើការហ៊ុំព័ទ្ធខ្សែនៅទីតាំងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈ្មោះកន វឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅស្រុកត្រាំកក់ ខេត្តតាកែវ ស្នាក់នៅផ្ទះជួលលេខ២៣៤ ផ្លូវបេតុងមាត់ប្រឡាយ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសមត្ថកិច្ច ធ្វើការបូមយកទឹកនោមចេញពីសាកសពចំនួន៣ccយកមកវិភាគរកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន។
តាមការបំភ្លឺពីឈ្មោះសុខ ខន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខMPA ទីលំនៅផ្ទះលេខ៣២A ផ្លូវលេខ២៧១ ភូមិទី៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានអោយដឹងថានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៤ គាត់កំពុងអង្គុយយាមនៅធនាគារវិនិយោគិន អភិវឌ្ឍន៍កម្ពុជាភីអិលស៊ី ស្រាប់តែមានអ្នកធ្វើដំណើរម្នាក់មកប្រាប់ថា មានមនុស្សដេកស្លាប់នៅលើផ្លូវបេតុង គាត់ក៏អើតមើលឃើញមានមនុស្សស្លាប់ពិតប្រាកដមែន។
ក្នុងនោះឈ្មោះកន សិត ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាងដែក ទីលំនៅផ្ទះជួល២៣៤ ផ្លូវបេតុង មាត់ប្រឡាយ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលត្រូវជាប្អូនជនរងគ្រោះ បានអោយដឹងថា កន្លងមកបងប្រុសគាត់ប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ លុះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៦និង៣០នាទីល្ងាច បងគាត់ក៏បានចេញពីផ្ទះជួលដើម្បីរើសអេតចាយដូចសព្វដង លុះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទីម្តាយក្មេកគាត់មកប្រាប់គាត់ថា បងខ្ញុំដេកស្លាប់នៅលើផ្លូវបេតុងនៅសង្កាត់បឹងសាឡាង ទើបគាត់មកមើល ដឹងថាបងគាត់ស្លាប់មែន។
តាមការពិនិត្យនៅលើផ្លូវបេតុងក្បែររបងផ្ទះលេខ១៦៦ ឃើញមានសាកសពជនរងគ្រោះដេកស្លាប់ផ្កាប់មុខលើឈាមក្បាលទៅលិចឈាងត្បូង ជើងសណ្តូកត្រង់ ដៃទាំងពីរដាក់ស្របដងខ្លួន និងនៅក្បែសពឃើញមានដបទឹកអប់មួយ, ខ្សែសាកទូរសព្ទ័មួយ ហើយនៅពីខាងត្បូងសពជាប់ស្ថិតនៅជញ្ជាំងរបងផ្ទះលេខ១៦៦ ដោយឃ្លាតពីសាបឡើងលើកំពស់០,៤០ម៉ែត្រ ឃើញមានឈាមមួយកន្លែងទំហំ១០x២០សង់ទីម៉ែត្រ។ សពពាក់អាវយឺតដៃវែង ស្លៀកខោជើងវែង សពមានសភាពរឹងផ្នែកខ្លះ ដោយមានស្នាមដាច់រយះនៅលើខ្នងចំហៀងខាងឆ្វេង(ក្បែរឆ្អឹងស្លាបប្រចៀវ)មួយកន្លែង ទំហំ២,៥x០,៧សង់ទីម៉ែត្រ ជម្រៅ៤សង់ទីម៉ែត្រ ហើយផ្ទៃអាវសពខាងក្រោយចំហៀងខាងឆ្វេងឃើញមានឆ្លុះមួយកន្លែង
តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារការចាក់ និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ