រាជធានីភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកញ្ចូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនជិត ១គីឡូក្រាម។ នេះបើយោងតាមផេក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ការបង្ក្រាបនេះអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបនៅចំណុច ក្រោយវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមាន៖
១. ឈ្មោះ បឿន សុខលាភ ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ,
២. ឈ្មោះ ហេង វណ្ណនិត ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ
៣. ឈ្មោះ សុវណ្ណ រាជ ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ។
ចំណែកវត្ថុតាង និងសម្ភារចាប់យកបានរួមមាន៖ ១.គ្រឿងញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់៩៥០.៩៧ក្រាម និងគ្រឿងញៀនកេតាមីន (KETAMINE) ទម្ងន់៦.៨២ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕