បុរសម្នាក់ ឡើងកាត់ដើមឈើទាលឲ្យលោក សម្រាប់ធ្វើកុដិក្នុងវត្តព្រែកឯង អកុសលធ្លា...ក់ស្លា...ប់យ៉ាង.រ...ន្ធ...ត់
សន្តិសុខសង្គម
126

រាជធានីភ្នំពេញ ៖ អាណិតណាស់ ២នាក់ឪពុកកូន ស៊ីឈ្នួលកាត់ដើមឈើទាល ក្នុងវត្តឲ្យលោកដើម្បីយកធ្វើកុដិ អកុសលខ្សែកាបដែលទាក់ជាមួយមែកឈើ ធ្លាក់ស្លាប់ឪពុកយ៉ាងរន្ធត់ អង្គុយយំមករកលុយចូលផ្ទះ បែរជាយកសពឪពុកទៅផ្ទះ ទៅធ្វើបុណ្យវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្នុងបរិវេណវត្តព្រែកឯង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ នន់ អ៊ី ភេទ ប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អារឈើ ស្នាក់នៅភូមិ ព្រែកអង្គុញ ឃុំព្រែកកន្តៀង ស្រុកពាមរ ខេត្តព្រៃវែង។

តាមការបំភ្លឺរបស់ឈ្មោះ អ៊ី រ៉ាវី ត្រូវជាកូនប្រុសបង្កើតរបស់សពបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គាត់និងឪពុករួមទាំងកម្មករពីរនាក់ទៀត បានមកវត្តព្រែកឯង ដើម្បី កាត់រំលំដើមឈើទាលចំនួន៣ដើម នៅក្នុងវត្ត ដែលឪពុកគាត់ទទួលការងារនេះពី ចៅអធិការវត្តព្រែកឯង ជួលឲ្យកាត់យកឈើដើម្បីធ្វើកុដិលោក ក្នុងតម្លៃ ២លាន៥០ម៉ឺនរៀល, បន្ទាប់មកឪពុកគាត់បានជួលរថយន្តស្ទូចមួយគ្រឿង មកដើម្បីចងជាមួយកន្ទុយរម៉កសម្រាប់អង្គុយកាត់ដើមឈើទាលដោយម៉ាស៊ីនកាត់ ស្ទូចឡើងទៅ ដោយមានគាត់និងកម្មករម្នាក់ទៀត ជាអ្នកអារកាត់ចងចុងដើមឈើទាលជាមួយខ្សែកាបដែក,​ ចំណែកខ្លួនជាកូននិងកម្មករម្នាក់ទៀតនៅខាងក្រោមមើលខុសត្រូវស្រែកប្រាប់គាត់, ពេលកាត់ជិតដាច់ចុងដើមឈើទាលនោះ ខ្សែកាបដែកបានទាក់ជាមួយមែកឈើ ហើយឪពុកគាត់បានដាក់ម៉ាស៊ីនកាត់លើរម៉កយោងឡើងទៅនោះ ហើយបានយកដៃទៅរុញចុងដើមឈើទាលនោះឲ្យដាច់មក ស្រាប់តែចុងដើមឈើទាលដែលចងជាមួយខ្សែកាបនោះ ដាច់យោលមកបោកត្រូវជាមួយនឹងរ៉ម៉ក ដែលយោងឡើងដើម្បីឈរកាត់ដើមឈើនោះ ធ្លាក់ឪពុកចុះមកលើផ្លូវបេតុងជិតគល់ដើមឈើទាលនោះស្លាប់តែម្តង ចំណែកកម្មករម្នាក់ទៀត តោងរម៉ក់ជាប់មិនគ្រោះថ្នាក់អ្វីឡើយ។

ក្រោយកើតហេតុ​គេឃើញមានសមត្ថកិច្ចមូលដ្ឋាន រួមនិងនគរបាលជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យ នៅទីតាំងកើតហេតុ មានរម៉កម៉ូតូមួយគ្រឿង ដែលសម្រាប់ចងស្ទូចឡើង និង ម៉ាស៊ីនអារឈើ២គ្រឿង ហើយសពមានការប៉ះទង្គិចក្បាល និង ខ្លួនប្រាណធ្ងន់ធ្ងរ នៅលើផ្លូវបេតុងក្នុងវត្ត ជិតគល់ដើមឈើទាល។

តាមការពិនិត្យរបស់ផ្នែកវិភាគកន្លែងកើតហេតុនគរបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា ស្លាប់ដោយសារប៉ះទង្គិចក្បាល និង ខ្លួនប្រាណធ្ងន់ធ្ងរ និងប្រគល់សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សូមចូលរួមរំលែកទុក្ខផង ៕ អែល វិចិត្រ


Telegram