រាជធានីភ្នំពេញ ៖ អាណិតណាស់ បុរសម្នាក់មានជីវភាពគ្រួសារក្រីក្រលំបាក ធ្លាប់មានគ្រួសារក៏បែកបាក់គ្នា ម្តាយក៏ចាស់ជរា ប្អូនស្រីក៏មានជំងឺសសៃប្រសាតទៀត មានតែខ្លួនម្នាក់ឯង រកទីពឹងគ្រួសារ ខំប្រឹងធ្វើការជាសន្តិសុខ សង្ស័យមិនស្រួលខ្លួន អកុសលបែរជា ដេកស្លាប់ យ៉ាងអាណោចអាធ័ម រកសូម្បីតែធ្វើបុណ្យក៏បាន បានក្រុមហ៊ុនជួយជាថវិកាខ្លះ សម្រាប់ដឹកសពបុរសខាងលើ ទៅធ្វើបុណ្យតាមប្រពៃណី ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២ នៅចំណុចក្នុងការិយាល័យលក់ផ្ទះល្វែងបុរីប៊ូអៅ ផ្លូវ៤៩cc ក្រុមទី៦ ភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពមានឈ្មោះ អឿន ចាន់រិទ្ឋិ អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខបុរីប៊ូអៅ ទីលំនៅភូមិព្រៃត្រាច ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយសមត្ថកិច្ចបានធ្វើការបូមយកទឹកនោមចេញពីសាកសពចំនួន០៣ccមកវិភាគ រកឃើញសារធាតុញៀនប្រភេទម៉ក់ហ្វីន។
តាមការបំភ្លឺពីឈ្មោះYANG TULONG ជនជាតិចិន មុខរបរប្រធានរដ្ឋបាលបុរីប៊ូ.អ៊ៅ ស្នាក់នៅផ្ទះលេខA១០៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានអោយដឹងថា ជនរងគ្រោះបានមកចូលធ្វើការជាសន្តិសុខបុរីប៊ូ.អ៊ៅ នៅថ្ងៃទី០២ ខែ០៧ ឆ្នាំ២០១៩ ចាប់យាមពីម៉ោង៦ រហូតដល់ម៉ោង១៨នឹង០០នាទីជារៀងរាល់ថ្ងៃ បានប្រាក់ខែក្នុងមួយខែ២៥០ដុល្លារអាមេរិក ។ លុះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទី ខ្លួនចុះពីផ្ទះមកស្រាប់តែមានអ្នកជិតខាងកំពុងជុំគ្នា គាត់ក៏សួររួចក៏ដើរទៅមើលឃើញជនរងគ្រោះដេកនៅលើឥដ្ឋ និងកង្ហារដួលនៅក្បែរខ្លួន គាត់ក៏អោយសន្តិសុខទៅស្ទាបមើលទើបដឹងថា ជនរងគ្រោះស្លាប់។
ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញផ្នែកកោលស្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យនៅទីតាំងកើតហេតុ ដោយនៅលើឥដ្ឋក្នុងបន្ទប់ឃើញមានសាកសពជនរងគ្រោះដេកស្លាប់ផ្ងារក្បាលទៅកើត ជើងទាំងពីរសណ្តូកត្រង់ ដៃទាំងពីរដាក់ស្របដងខ្លួន នៅរន្ឋត្រចៀកខាងស្តាំមានដោតកាស់ រន្ធត្រចៀកឆ្វេងរបូតចេញមកដោតចូលទូរសព្ទម៉ាកIphone ពណ៌ទឹកមាស។ នៅលើឥដ្ឋពីខាងជើងសពជាប់ឃើញមានកង្ហារ ពណ៌ត្រួយចេកដួលទៅកើតរបូតសន្ទះ និងបាក់ស្លាបមួយបំណែក។
តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ អាចសន្និដ្ឋានបានថា ស្លាប់ដោយគាំងបេះដូង បណ្តាលមកពីការប្រើប្រាស់សារធាតុញៀនប្រភេទម៉ក់ហ្វីន ។ ពេលនេះសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ