ណែនាំច្រើនដងមិនស្តាប់! អាជ្ញាធរខណ្ឌទួលគោកប្រើធម៌ក្តៅ ទុករយៈពេល១សប្ដាហ៍ ឲ្យម្ចាស់អាជីវកម្មដែលលក់ដូរនៅជាប់របងពេទ្យកុមារជាតិ រុះរើចេញជាបន្ទាន់ បើប្រឆាំងតវ៉ា ឬរឹងរូសរារាំង អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់!!!
សន្តិសុខសង្គម
174

រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ​ឆ្នាំ២០២៣ បានចេញនូវសេចក្តីជូនដំណឹងដូចខាងក្រោ​ម ។

យោង៖

-សេចក្តីណែនាំលេខ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ។

- ផែនកាស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

- យោងកំណត់ហេតុ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយនឹងបងប្អូនអ្នកលក់ដូរជុំវិញពេទ្យកុមារជាតិ។

រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅ លើចិញ្ចើមផ្លូវអមសង្ខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ មេត្តា ជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវធ្វើការរុះរើចេញ ដោយទុករយៈពេលឱ្យ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងមាន វិធានការរដ្ឋបាល ដោយចុះរុះរើនិងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅក្នុងទីតាំងនេះឡើយ។ ករណីមានការរារាំង រឹងរូស និងធ្វើការប្រឆាំងតវ៉ាជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុង ការចុះរុះរើ នោះរដ្ឋបាលខណ្ឌទួលគោក នឹងអនុវត្តវិធានការរដ្ឋបាល បើករណីធ្ងន់ធ្ងរ នឹងឈានដល់អនុវត្តវិធានការច្បាប់។

រដ្ឋបាលខណ្ឌទួលគោក សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មទាំងអស់ នឹងចូលរួម សហការអនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ មេសា


Telegram