រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងរន្ធត់ ខណៈជិះម៉ូតូក្នុងល្បឿនលឿន បុកខឿនចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ៣ និង១០នាទី ទៀបភ្លឺឈានចូលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ ត្រង់ចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិ ស្រែញ័រ សង្កាត់ ពងទឹក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ផិន ណារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្ថិតក្នុង ភូមិ ព្រៃខ្មែរ ឃុំ រលាផ្អៀរ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូម៉ាក HONDA C125 ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1E-7818 ពាក់មួកសុវត្ថិភាព ក្នុងទិសដៅពី ជើងទៅត្បូង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកទ្រូងចែកទ្រូងផ្លូវ ហើយផ្លោងមនុស្សទៅបោកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង យកម៉ូតូខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលបាលខណ្ឌដង្កោ ដើម្បីរង់ចាំការស្រាវជ្រាវបន្ត និងប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ក្នុងខេត្តកំពង់ឆ្នាំង ៕ អែល វិចិត្រ