ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយបង្ក្រាបឃាត់ខ្លួនបាន ខណៈកំពុងជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៣និង០៥នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន ឈ្មោះ លី គឹមហេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកឡានដឹកទឹកសុទ្ធ ស្នាក់នៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ៣ឆ្នាំ ៣ខែ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឆ្នាំ២០១៩) ។ ចំណែកបក្ខពួកដែលរត់គេចខ្លួន មានឈ្មោះ ហេង សុភា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងនោះ វត្ថុតាងចាប់យកបានរួមមាន ៖
-ម្សៅក្រាមពណ៌សរថ្លា សង្សយ័ជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចាប់ធំ និងម៉ូតូចំនួន០១គ្រឿងម៉ាក Honda GB ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ -6099 ។
មុននឹងឈានដល់ការបង្ក្រាបខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានសហការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានដើរល្បាត តាមភូមិសាស្រ្តឃុំឈើទាល ពេលមកដល់ក្បែរចំណុចកើតហេតុ ស្រាប់តែឃើញជនសង្សយ័ ០២នាក់ កំពុងឈរនៅមុខផ្ទះរបស់ឈ្មោះ ហេង សុភា ដោយមានការសង្សយ័យសមត្ថកិច្ចក៏បានចូលទៅដើម្បីសួរនាំ ភ្លាមនោះឈ្មោះ ហេង សុភា ភេទប្រុស បានរត់គេចខ្លួនទៅក្រោយផ្ទះបាត់ ចំណែកឈ្មោះ លី គឹមហេង កម្លាំងសមត្ថកិច្ច បានដេញឃាត់ខ្លួនបាន ហើយឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ រួចបាននាំខ្លួន ឈ្មោះ លី គឹមហេង យកមកប៉ុស្តិ៍ឈើទាលដើម្បីសួរនាំ។
នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ( ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ ដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទើបតែទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ អាយុ ប្រហែល
១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត នៅម្តុំផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល តំលៃ២០០,០០០រៀល
(ម្ភៃម៉ឺនរៀល) ដើម្បីយកមកលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង ។
ក្រោយពីសាកសួររួច កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕ អែល វិចិត្រ