អភិបាលខណ្ឌឬស្សីកែវ នាំយកស្បៀងអាហារផ្តល់ជូនផ្ទះ សុគន្ធ និសា និងផ្ទះតន្ត្រីករម្នាក់ ដែលកំពុងចត្តាឡីស័កជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩
ព័ត៌មានជាតិ
807

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានបង្ហោះនៅវេលាម៉ោង ២ និង១៤នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះបញ្ជាក់ថា លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល និងសណ្ដាប់ធ្នាប់ខណ្ឌ នាំយកស្បៀងអាហារទៅផ្ដល់ជូន ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងចំនួន២ ក្នុងសង្កាត់គីឡូម៉ែតលេខ៦ (ផ្ទះអ្នកជម្ងឺឈ្មោះ សុគន្ធ នីសា) និងសង្កាត់ទួលសង្កែទី២ (ផ្ទះអ្នកជម្ងឺបុរសអាយុ៤០ឆ្នាំ ជាតន្ត្រីករ) ។

ផេកTVK បានបន្តទៀតថា ទីតាំងទាំង២នេះ គឺកំពុងធ្វើចត្តាឡីស័ក ដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រួមមាន ៖ ទីតាំងផ្ទះ អ្នកជម្ងឺ ឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ ៣៨ ឆ្នាំ នៅក្នុងបុរីពិភពថ្មី ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ចំនួន ០១ ទីតាំង និង០១ទីតាំងទៀត ផ្ទះ អ្នកជម្ងឺ បុរស អាយុ ៤០ ឆ្នាំ ស្ថិតនៅ (រង្វង់មូលកាំកូស៉ីធី) ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ដែលមានប្រជាពលរដ្ឋសរុបចំនួន ០២ គ្រួសារ ស្មើនឹង ១៥ នាក់។

ឯកឧត្តមអភិបាលខណ្ឌ ក៏បានឧបត្ថម្ភស្បៀងអាហារជូនដល់បងប្អូនទាំង០២គ្រួសារ ស្មើនឹង ១៥ នាក់ ដែលមានអំណោយសរុបរួមមាន អង្ករ ៧៥ គ.ក ត្រីងៀត ០៥ គ.ក ទឹកស៉ីអ៉ីវ ០២ យួរ ភេសជ្ជៈ ០២ កេស ទឹកបរិសុទ្ធ ០៣ កេស និងឃីត ០៣ កញ្ចប់ (មានគ្រឿងឧបភោគបរិភោគ០៧មុខ) ផងដែរ៕ 


Telegram