ប្រទេសមីយ៉ាន់ម៉ា៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កងកម្លាំងឯករាជ្យកាឈិន (KIA) ជាក្រុមឧទ្ទាមមួយក្នុងចំណោមក្រុមឧទ្ទាម ដែលមានឥទ្ធិពលបំផុតនៅមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃចន្ទថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង បន្ទាប់ពីបានបាញ់តបតវិញពីការវាយប្រហារតាមអាកាសរបស់យោមីយ៉ាន់ម៉ា។
អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ជនស៊ីវិលរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដែលជាលទ្ធផលនៃការប្រយុទ្ធគ្នារវាងយោធានិងក្រុមបះបោរជនជាតិភាគតិច នៅក្នុងតំបន់ព្រំដែនភាគខាងជើងនិងខាងកើតដាច់ស្រយាល។ ជម្លោះនេះកាន់តែខ្លាំងឡើងបន្ទាប់ពីឧត្តមសេនីយ៍មីយ៉ាន់ម៉ា បានដណ្តើមអំណាចពីថ្ងៃទី ១ ខែកុម្ភៈ ដោយបណ្តេញរដ្ឋាភិបាលដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី។
ប្រធាននាយកដ្ឋានព័ត៌មានរបស់ KIA បាននិយាយថា ឧទ្ធម្ភាគចក្រត្រូវបានគេបាញ់ទម្លាក់នៅម៉ោងប្រហែល ១០ និង ២០ នាទីព្រឹកនៅឯភូមិមួយក្បែរទីប្រជុំជន Moemauk ក្នុងខេត្ត Kachin ។
លោកបាននិយាយតាមទូរស័ព្ទថា«ក្រុមប្រឹក្សាយោធាបានបើកការវាយប្រហារតាមអាកាសនៅក្នុងតំបន់នោះ ចាប់តាំងពីប្រហែលម៉ោង ៨ ឬ ៩ ព្រឹកនេះ…ដោយប្រើយន្តហោះប្រយុទ្ធហើយក៏បានបាញ់ប្រហារដោយប្រើឧទ្ធម្ភាគចក្រ ដូច្នេះយើងបានបាញ់ពួកគេវិញ»លោកបានបដិសេធមិននិយាយថាអាវុធណាខ្លះត្រូវបានប្រើប្រាស់នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាកាលពីថ្ងៃអាទិត្យ កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារទៅលើការតវ៉ាធំៗ មួយចំនួន បានសម្លាប់មនុស្ស៨នាក់។
សមាគមជំនួយសម្រាប់ក្រុមអ្នកតស៊ូមតិអ្នកទោសនយោបាយ និយាយថា កម្លាំងសន្តិសុខ បានសម្លាប់ក្រុមបាតុករយ៉ាងតិច ៧៦៥ នាក់ចាប់តាំងពីរដ្ឋប្រហារ។
យោធាបាននិយាយថា ខ្លួនត្រូវតែដណ្តើមអំណាច ពីព្រោះពាក្យបណ្តឹងនៃការក្លែងបន្លំនៅក្នុងការបោះឆ្នោតខែវិច្ឆិកា បានឈ្នះដោយគណបក្សរបស់លោកស្រីស៊ូជី មិនត្រូវបានដោះស្រាយ ដោយគណៈកម្មាធិការបោះឆ្នោត ដែលចាត់ទុកថា ជាការបោះឆ្នោតត្រឹមត្រូវនោះទេ។
លោកស្រីស៊ូជី អាយុ៧៥ឆ្នាំ ត្រូវបានឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារ រួមជាមួយសមាជិកជាច្រើនទៀតនៃគណបក្សរបស់លោកស្រី៕ ប្រភព៖ Reuters ប្រែសម្រួល៖ នង ណារិន