ប្រទេសថៃ រាយការណ៍ពី ការស្លាប់ដោយជំងឺកូវីដ១៩ ចំនួន៣១នាក់ថ្មី និងជាង២,០០០នាក់ទៀតឆ្លង នៅ​ថ្ងៃចន្ទនេះ
អន្តរជាតិ
93

ប្រទេសថៃ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាលថៃ បាននិយាយថា ប្រទេសថៃនៅថ្ងៃច័ន្ទ (៣ ឧសភា) បានរាយការណ៍អំពីការស្លាប់ថ្មីនៃការឆ្លងជំងឺកូវីដ១៩ ចំនួន៣១ នាក់ក្នុងមួយថ្ងៃ ខណៈដែលប្រទេសនេះកំពុងឆ្លង ជំងឺនេះរលកទី៣។

បន្ទាប់ពីគ្រប់គ្រងអស់រយៈពេលជិតមួយឆ្នាំ តាមរយៈការបិទខ្ទប់និងការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹង ប្រទេសថៃបានប្រឈមនឹងការកើនឡើងនូវករណីជាច្រើន ចាប់តាំងពីដើមខែមេសា ដែលកំពុងបង្ហាញការលំបាក ក្នុងការគ្រប់គ្រង និង កំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរឡើងៗ ទៅលើវិស័យសុខាភិបាលទូទាំងប្រទេស។

ក្រសួងបានរាយការណ៍ពីករណី កូវីដ- ១៩ ថ្មីចំនួន ២,០៤១ ករណី ដែលចំនួននេះបានកើនឡើងដល់ ៧១.០២៥ ចាប់តាំងពីមានការរាតត្បាត កាលពីឆ្នាំមុន។ ចំនួនអ្នកស្លាប់សរុបមានចំនួន ២៧៦ នាក់។

ប្រទេសថៃ មានគោលបំណងឲ្យប្រជាជនចំនួន ៧០ភាគរយ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅត្រឹមដំណាច់ឆ្នាំនេះ ទោះបីការចាក់វ៉ាក់សាំងយឺតជាងមុនក៏ដោយ បើប្រៀបធៀបនឹងប្រទេសជិតខាងមួយចំនួន។

គួរបញ្ជាក់ថា ការផ្ទុះរលកថ្មីនៃជំងឺ COVID-19 មួយរយៈចុងក្រោយនេះនៅក្នុងប្រទេសថៃ ដោយរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមពីអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងថ្មីៗចំនួន ៣៦,២៩០នាក់ និងអ្នកស្លាប់ចំនួន ១០៩នាក់ តែនៅក្នុងខែមេសាមួយប៉ុណ្ណោះ៕ ប្រភព៖  Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram