ទីក្រុងហាណូយ និងហូជីមិញ ចាប់ផ្តើមបិទកន្លែងកម្សាន្តនានា ដើម្បីទប់ទល់ការឆ្លងជំងឺកូវីដ-១៩
អន្តរជាតិ
160

ប្រទេសវៀតណាម៖ សារព័ត៌មាន បានចេញផ្សាយកាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម បានចាប់ផ្តើមបិទអាជីវកម្មបន្ថែមទៀតដូចជា រោងភាពយន្ត កន្លែងម៉ាស្សា-ស្ពា ហាងអ៉ីនធើណិត-កាហ្វេ និងទីតាំងលក់អាហារតាមដងផ្លូវជាដើម នៅចំពោះមុខការរាលដាលជាថ្មីនៃជំងឺ COVID-19។

នៅទីក្រុងហូជីមិញ ព្រឹត្តិការណ៍កីឡា ព្រមទាំងកិច្ចប្រជុំ និងសន្និសីទពុំមានការចាំបាច់បន្ទាន់ ក៏ត្រូវបានអាជ្ញាធរណែនាំឲ្យផ្អាកផងដែរ ហើយបើធ្វើឡើង គឺត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម។ រីកន្លែងប្រតិបត្តិសាសនាក៏ដូចគ្នា។ តាំងពីថ្ងៃទី៣០ ខែមេសា ទីក្រុងហូជីមិញបានផ្អាករួចហើយនូវ បារ ក្លឹបរាំកម្សាន្ត និងខារ៉ាអូខេទាំងអស់ ក្រោយការផ្ទុះឡើងជាថ្មីនៃករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញ កាលពីថ្ងៃទី២៩ ខែមេសា។ ចំណែកនៅទីក្រុងហាណូយ អាជ្ញាធរបានព្រមានថា អាជីវកម្មដែលមិនគោរពតាមគោលការណ៍ទប់ស្កាត់ COVID-19 នឹងត្រូវបញ្ឈប់ប្រតិបត្តិការ។

គួរបញ្ជាក់ថា គិតចាប់តាំងពីករណីឆ្លងក្នុងសហគមន៍ផ្ទុះឡើងជាថ្មី ក្រោយមិនមានជាច្រើនសប្តាហ៍ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ២៤ករណី ដែលត្រូវបានរកឃើញនៅតំបន់មួយចំនួន រួមមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្ត ហា ណាម (Ha Nam), ហាំង យែន (Hung Yen), និង វិញ ហ្វ៊ុក (Vinh Phuc) នៅភាគខាងជើង។ ករណីឆ្លងសរុបនៃជំងឺ COVID-19 នៅទូទាំងប្រទេសវៀតណាមមានចំនួន ២,៩៦២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់៕

Telegram