ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សម្តែងការសោកស្ដាយចំពោះ លោកអនុប្រធាននាយកដ្ឋានម្នាក់ ដែលបើករថយន្តទាំងស្រវឹង មិនសហការជាមួយសមត្ថកិច្ចវាស់ជាតិអាកុលទេ​ បែរជាយកទូរសព្ទព្យាយាមថតកម្លាំងនគរបាលជានារី យកដៃរុញដើមទ្រូង ក៏នាំឱ្យកើតមានការប្រតាយប្រតប់
សន្តិសុខសង្គម
266

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា យប់មិញនេះ ខ្ញុំបានទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង៣៣នាទី នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ មានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង។

ដោយឃើញស្ថានភាពដូច្នេះ សមត្ថកិច្ចបានអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុល ក៏ប៉ុន្តែលោកមិនព្រមសហការទេ ផ្ទុយទៅវិញបែរជាយកទូរសព្ទព្យាយាមថតកម្លាំងនគរបាលជានារី។ កម្លាំងនគរបាលបានព្យាយាមពន្យល់ម្ដងហើយម្ដងទៀតឱ្យសហការ និងបានហាមឃាត់កុំឱ្យថត តែបុគ្គលនេះនៅតែជជែងតវ៉ា រហូតដល់បានយកដៃរុញដើមទ្រូងនគរបាលនារី ក៏នាំឱ្យកើតមានការប្រតាយប្រតប់។

ភ្លាមនោះ កម្លាំងនគរបាល ក៏បង្ខំចិត្តចាប់ជននោះវាយខ្នោះ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធី។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យឃើញបុគ្គលនេះ មានជាតិអាល់កុល កម្រិត 0,52 មីលីក្រាមក្នុង១លីត្រខ្យល់។

បន្ទាប់ពីទទួលបានរបាយការណ៍ខាងលើនេះ និងដោយបានពិនិត្យយ៉ាងម៉ត់ចត់នូវវីដេអូផ្ញើភ្ជាប់ ខ្ញុំពិតជាមានសេចក្ដីសោកស្ដាយជាពន់ពេកចំពោះករណីនេះ ជាពិសេសនៅពេលដែលអ្នកបញ្ជារថយន្តជានគរបាលជាតិ មានឋានៈជាអនុប្រធាននាយកដ្ឋានទៅទៀត។ ខ្ញុំធ្លាប់បញ្ជាក់ច្បាស់ហើយថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដែលហៅថា «សមភាពចំពោះមុខច្បាប់»។ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចគ្នាដែរ គឺជនគ្រប់រូបដែលប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលការអនុវត្តច្បាប់ដោយគ្មានយល់យោគ។ ជាក់ស្ដែងករណីខាងលើនេះ បានបង្ហាញច្បាស់ហើយថា ប្រសិនបើអ្នកបើកបរទាំងឡាយមិនព្រមផ្ដល់កិច្ចសហការ តួយ៉ាងការត្រួតពិនិត្យជាតិអាល់កុល កម្លាំងសមត្ថកិច្ចនឹងប្រើសិទ្ធិចាប់ឃាត់ខ្លួន ឬវាយខ្នោះបើប្រតិកម្មតប រួចបញ្ជូនទៅកាន់ការិយាល័យដើម្បីបន្តនីវិធី។ ជាមួយគ្នានេះ ក្នុងនាមជាថ្នាក់ដឹកនាំ ខ្ញុំក៏ធ្លាប់បានរម្លឹកម្ដងហើយម្ដងទៀតថា មន្រ្តីរាជការស៊ីវិលក្ដី មន្រ្តីនគរបាលជាតិក្ដី មន្រ្តីពន្ធនាគារក្ដី ពួកយើងមិនត្រឹមតែមានតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនោះទេ ប៉ុន្តែពួកយើងត្រូវតែមានស្មារតីចូលរួមផ្ដល់ភាពជាគំរូនៃការអនុវត្តច្បាប់ និងជាគំរូនៃការប្រព្រឹត្តអំពើល្អក្នុងសង្គមផងដែរ។

ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនថា យោងតាមមាត្រា៧៧ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ «ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាល់កុល ចាប់ពី ០,៤០(សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០(សូន្យក្បៀស ប៉ែត្រសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ»។ បើតាមមាត្រា១០ថ្មី នៃអនុក្រឹត្យលេខ៣៩ ស្ដីពី ការពិន័យអន្តរការណ៍ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ករណីរកឃើញមានជាតិអាល់កុល កម្រិត 0,52mg/L ដូចបានបញ្ជាក់ខាងលើនេះ ជនល្មើសប្រឈមនឹងការពិន័យជាប្រាក់ចំនួន២លានរៀល(យានយន្តធុនស្រាល)។ លើសពីនេះ អ្នកល្មើសក៏ប្រឈមនឹងការជាប់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី៨០០០០០(ប្រាំបីសែនរៀល) ទៅ៤០០០០០០(បួនលានរៀល) ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងការពិន័យនេះម្ដងរួចមកហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀតក្នុងកំលុងពេល៦ខែ គិតចាប់ពីការពិន័យអន្តរការណ៍លើកមុន។

ទាញភ្ជាបនឹងករណីខាងលើនេះ ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវ បងប្អូនជនរួមជាតិ ជាពិសេសបងប្អូនដែលនិយមពិសាគ្រឿងស្រវឹង មិនថាពេលថ្ងៃ ឬពេលយប់ សូមមេត្តាទទួលទានប្រកបដោយការទទួលខុសត្រូវ ហើយញាតិមិត្ត និងក្រុមគ្រួសារ សូមចូលរួមក្រើនរំលឹក បញ្ចៀស និងហាមឃាត់កុំឱ្យអ្នកទាំងនោះបញ្ជាយានយន្តទាំងក្នុងអាការៈស្រវឹង។ ទន្ទឹមគ្នានេះដែរ ខ្ញុំសូមអោយអ្នកបញ្ជាយានយន្តទាំងឡាយ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមផ្ដល់កិច្ចសហការឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ច។

ខ្ញុំក៏សូមរម្លឹកដល់កម្លាំងសមត្ថកិច្ចគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមប្រកាសស្ដីពីវិន័យកងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ ជាពិសេសត្រូវរក្សាភាពអត់ធ្មត់ និងមានសីលធម៌ល្អជាមួយប្រជាពលរដ្ឋ ស្របតាមពាក្យស្លោកដែលយើងបានប្ដេជ្ញាចិត្តរួមគ្នាថា«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

ក្នុងនាមក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងជារួមសមត្ថកិច្ចចម្រុះ ដែលតែងតែលះបង់កម្លាំងកាយចិត្ត ពេលវេលាសម្រាប់គ្រួសារ ចុះគោលដៅក្ដី ឬបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងស្មារតីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ទាំងក្ដៅទាំងត្រជាក់ ទាំងខ្យល់ទាំងភ្លៀង៕


Telegram