ខេត្តបន្ទាយមានជ័យ៖ រថយន្តយីឌុបមួយគ្រឿងបានផ្ទុកស្រូវជាច្រើនតោន ខណៈបើកឆ្លងកាត់ស្ពានដែកប៉េឡេដល់ចំណុចលើស្ពាន ស្រាប់តែស្ពានបានបាក់ផុងរថយន្តផ្នែកខាងកន្ទុយចុះទៅក្រោម ចំណែកស្ពានបានរងការខូចខាតស្ទើទាំងស្រុងផងដែរ ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩ និង៣០នាទីយប់ ស្ថិតភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ដោយស្ថានភាពស្ពានបាក់ប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការ(ស្តីទី) វរសេនាតូចថ្មើរជើងលេខ៥១៤បានយកទូកស្មាច់ចុះទៅជួយចម្លងប្រជាពលរដ្ឋ និងសិស្សសាលា ព្រោះស្ពានបានស្រុតបាក់មិនអាចធ្វើដំណើរឆ្លងកាត់បាននោះទេ ។ស្ពានដែកប៉េឡេខាងលើមានប្រវែងបណ្តោយប្រវែង៣២ម៉ែត្រ នឹងទទឹង៤ម៉ែត្រ
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទីយប់ មានរថយន្តយីឌុបមួយគ្រឿង ដែលមានផ្ទុកស្រូវជាច្រើនតោនបានបើកបរមកដល់ចំណុចលើស្ពានដែកប៉េឡេ ក៏បានធ្វើឲ្យបាក់ស្ពាន។
ដោយមានការស្នើរសុំពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងនោះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើជើងលេខ៥១៤ តបតាមសំនូមពររបស់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ បានចុះជួយសម្រួលនូវការឆ្លងកាត់របស់ប្រជាពលរដ្ឋផងដែរ ភ្លាមៗនោះលោកវរសេនីយ៍ត្រី ទូច ណាន បានដឹកនាំកម្លាំងចុះជួយសម្រួល និងរៀបចំទូកស្មាចដើម្បីចម្លងប្រជាពលរដ្ឋជាបណ្ណោះអាសន្នសិន ទម្រាំស្ពានដែកខាងលើជួសជុលរួចរាល់ ៕ដោយ៖លីណា