រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា សាខា ក.ប.ប. រាជធានីភ្នំពេញ ខិតខំយ៉ាងស្រស្រាក់ស្រស្រាំចុះត្រួតពិនិត្យទីតាំងផលិត និងចែកចាយផលិតផលម្ហូបអាហារ ។
ក្នុងនោះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយលោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ កម្លាំងមន្ត្រីជំនាញបានខិតខំអនុវត្តតួនាទីរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ដោយបានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំងឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងទីតាំងផលិត ស្តុកទុក នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ចំនួន២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។
ជាលទ្ធផល តាមការបញ្ជាក់របស់មន្ត្រីជំនាញ ទីតាំងផលិត ស្តុកទុក និងចែកចាយ ទាំង៣ខាងលើ ត្រូវបានមន្ត្រីយើងរកឃើញពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាននោះទេ។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានដកយកសំណាកគំរូមួយចំនួនពីទីតាំងទាំង៣នោះ រួចបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ថែម ក្រែងមានវត្តមានសារធាតុគីមីហាមឃាត់លើទំនិញទាំងនោះ៕