ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញនូវសេចក្តីណែនាំ ស្តីពីវិធានការការពារ និងទប់ស្កាត់អគ្គីភ័យ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង
កន្លងមក រដ្ឋបាលខេត្តព្រៃវែង បានពិនិត្យឃើញថា នារដូវប្រាំងនេះ ដោយស្ថានភាពអាកាសធាតុប្រែប្រួលក្តៅ ហួតហែង ដែលបានបង្កជាគ្រោះមហន្តរាយដោយអគ្គីភ័យកើតឡើងជាយថាហេតុ នៅតាមបណ្តាលក្រុង ស្រុក មួយចំនួន ក្នុងខេត្តព្រៃវែង។
ជាមួយនេះ ដើម្បីបង្ការ និងទប់ស្កាត់នូវឧប្បត្តិហេតុដោយអគ្គីភ័យឲ្យបានទាន់ពេល វេលា និងដើម្បីធានានូវសុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំ និងដាក់ចេញនូវវិធានការ ដូចខាងក្រោម៖
១-ហាមដាច់ខាត៖
- ដុតជញ្ជាំង ឬចំប៉ើងនៅក្បែរផ្ទះ និងដុតសំរាម ឬ កាកសំណល់នៅក្បែរព្រៃ និងស្មៅស្ងួត ដុតព្រៃ និងហាមបោះកន្ទុយបារីពាសវាលពាសកាលលើស្មៅដែលក្រៀមហួតហែង
- បង្កាត់ភ្នក់ភ្លើងក្នុងព្រៃ និងស្មៅស្ងួត។
២-ត្រូវប្រុងប្រយ័ត្ន៖
- ចំពោះភ្លើងចង្ក្រាន ទៀន ធូប តាមផ្ទះសម្បែងរៀងៗខ្លួន ពិសេសការទុកដាក់ប្រេងឥន្ទនៈ ឧស្ម័នចំហេះ វត្តងាយឆាបឆេះ ឬ ងាយផ្ទះឆេះ ដែលបណ្តាលឲ្យមានអគ្គីភ័យកើតឡើង ជៀសវាងការតភ្ជាប់ ឬ ប្រើប្រាស់ចរន្តអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស និងសូមត្រួតពិនិត្យ ឬ
បិទចរន្តអគ្គិសនី មុនពេលចាកចេញពីផ្ទះ - ត្រួតពិនិត្យឲ្យបានហ្មត់ចត់ និងបង្ការកុំឲ្យមានការឆេះរាលដាល បង្កើតជាគ្រោះអគ្គីភ័យដែលអាច បណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។
៣-ករណីមានគ្រោះអគ្គីភ័យកើតឡើង ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។
៤-រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិទូទាំងខេត្ត ត្រូវពង្រឹងការយកចិត្តទុកដាកខ្ពស់ ក្នុងការអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានយល់ដឹងពីផលលំបាកនៃ
គ្រោះមហន្តរាយដោយគ្រោះអគ្គីភ័យ។
៥-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ត្រូវត្រៀម លក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការបង្ការ និងទប់ស្កាត់ការកើតឡើងនូវអគ្គីភ័យជាយថាហេតុ នៅក្នុងមូលដ្ឋាន។
៦-ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះករណីជនប្រព្រឹត្តល្មើសទាំងឡាយណា ដែលបង្កឲ្យមានវិនាសកម្ម និងមហន្តរាយដល់ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដើម្បីទទួលការពិន័យ និងផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ជាធរមាន។
ទទួលបានសេចក្តីណែនាំនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រៃវែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តខ្លឹមសារនៃសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕