រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពទារកម្នាក់ អណ្តែតតាមច្រាំងទន្លេសាប ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ប៉ុន្តែអស់រយៈពេលជាយូរ ប្រជាពលរដ្ឋលោកថា គ្មានអ្នកណាស្រង់សាកសពទារកនេះឡើង ទាល់តែសោះ ទុកឲ្យរសាត់ទៅបន្ត ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយច្រាំងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សពទារកដែលអណ្ដែតតែលតោលក្នុងទឹកទន្លេរនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ហើយក៏មិនដឹងថា មានរឿងអ្វីកើតឡើងទៅលើទារករូបនេះដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតហេតុ គេឃើញសពទារកខាងលើ អណ្ដែតតាមបណ្ដោយច្រាំងទន្លេសាប ទិសដៅពីជើងទៅត្បូង លាយឡំនិង កំប្លោក មើលសឹងតែមិនដឹងថាជាសពនោះឡើយ ។
ប្រភពដដែលបន្តថា ខណៈមានការភ្ញាក់ផ្អើល សពទារកនោះ ក៏អណ្ដែតមកដល់មុខ ប៉ុស្តិ៍ជ្រោយចង្វារ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដែរ ប៉ុន្ដែមិនមានវត្តមានសមត្ថកិច្ចចេញមកសួរនាំ រឺ រកមធ្យោបាយស្រង់សពទារកនេះ ដើម្បីពិនិត្យធ្វើកំណត់ហេតុឡើយ បណ្តោយ ឲ្យសពទារកតូចនោះអណ្ដែតតែលតោលក្នុងទន្លេ ដោយមិនដឹងដល់ណាទៀតនោះទេ៕ មេសា