រាជធានីភ្នំពេញ៖ ទីតាំងលួចបង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែងទៀតហើយ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ចុះបង្ក្រាប។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៧ និង៣០ នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ស្ថិតនៅផ្ទះលេខ86 ផ្លូវលេខKB03 ស្ថិតនៅក្នុងបុរីពិភពថ្មីកំបូលII ផ្លូវបេតុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដោយមានការដឹកនាំដោយ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល សហការជាមួយលោកអធិការខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចុះបង្ក្រាបកន្លែងលេងល្បែងភ្នាល់ស៊ីសង ទីតាំងមួយនេះលក់ស្រា ប៉ុន្តែបានបង្កប់ល្បែងស៊ីសងនៅក្នុងនោះ ហើយតាមព័ត៌មានដែលអាជ្ញាធរទទួលបាន គឺមានជនជាតិចិនចូលទៅលេងជាហូរហែរ។
ប្រភពដដែលបានប្រាប់ទៀតថា ប៉ុន្តែសង្ស័យមានអ្នកលួចប្រាប់ឲ្យដឹងមុន ទើបនៅពេលដែលកម្លាំងសមត្ថកិច្ចចូលទៅដល់ពួកគេបានរត់គេចខ្លួនចេញតាមទ្វារក្រោយបាត់អស់ សូម្បីតែអ្នកគ្រប់គ្រងក៏រត់បាត់ដែរ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានដកហូតទូហ្គេមបាញ់ត្រី តុបៀរ និងឧបករណ៍ល្បែងជាច្រើនទៀត ហើយនាំទៅកាន់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមច្បាប់៕ មេសា