រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រមូលក្រុមក្មេងសិស្សសាលាដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹក និងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណៈ នៅមូលដ្ឋានខណ្ឌទួលគោក។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានបញ្ជាក់ថា សិស្សគេចសាលាដែលប្រមូលផ្ដុំគ្នាធ្វើឲ្យបាត់សណ្តាប់ធ្នាប់ លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវមកធ្វើការអប់រំសរុប ចំនួន១១៣ ក្នុងនោះប្រុស៨៩នាក់ ស្រី២៤នាក់ មកពី១៦ វិទ្យាល័យ, ម៉ូតូចំនួន៥១គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក៤ដើម។
យុវជន យុវតីទាំងអស់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្បែរវិទ្យាល័យជាស៊ីមសាមគ្គី ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស៊ីផ្លេទ្រហឹងពេញផ្លូវ ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា គប់ទឹក ដេញបាតម្សៅ ជិះម៉ូតូគ្មានពាក់សុវត្ថិភាព ។
ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចធ្វើការអញ្ជើញមកធ្វើរអប់រំណែនាំដូចខាងក្រោម៖
*ទី១៖ ផលប៉ះពាល់គ្រឿងញៀន
*ទី២៖ ក្រុមក្មេងទំនើង
*ទី៣៖ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក
*ទី៤៖ បញ្ឈប់ការលេងគប់ទឹកបាតម្សៅខាងលើ ។
ទន្ទឹមនឹងនោះ នៅយប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់យុវជនជាច្រើននាក់ និងម៉ូតូជាច្រើនគ្រឿង ដែលពពាក់ពពូនគ្នា ច្រកទឹកដាក់ថង់ ចាំគប់គ្នាតាមដងផ្លូវសាធារណៈផងដែរ ដោយនាំគ្នាច្រកទឹកទាំងថង់ៗ ជិះម៉ូតូមកដល់ រៀបនឹងធ្វើសកម្មភាព ក៏ត្រូវសមត្ថកិច្ចឃាត់បានតែម្តង ហើយសូមបញ្ជាក់ថា ចំណាត់ការបង្ក្រាបនេះ ត្រូវបានមហាជនគាំទ្រ និងសាទរជាខ្លាំង ដោយសារក្មេងៗនេះ ជិះម៉ូតូទាំងក្រុមៗជាច្រើនគ្រឿង ប្រដេញគ្នា យ៉ាងប្រសាច ស៊ីផ្លេទ្រហឹងពេញផ្លូវ ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា គប់ទឹក ដេញបាតម្សៅ ហើយថង់ដែលគប់នោះ ពេលម៉ូតូជិះកាត់ រអិលដួលអ្នកដំណើរទៀត ដែលអាចមានគ្រោះថ្នាក់ដល់អ្នកដ៍ទៃ ឬខ្លួនឯងជាយថាហេតុ ៕ នុច