ខេត្តតាកែវ ៖ នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ១១ និង ០០ នាទី មានករណីអំពើលួច (ឆក់ទូរស័ព្ទដៃ) កើតឡើងនៅតាមបណ្តាយដងផ្លូវខេត្តលេខ១២២ ខាងលិចផ្លូវរទេះភ្លើង ស្ថិតក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ០១គ្រឿង ធុនហុងដាវីននរអ៊ិច ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AS-6647 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក IPHONE 11 PRO MAX ពណ៌ទឹកមាស របស់ជនរងគ្រោះឈ្មោះ ចាន់ រស្មី ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១២ និង ០០ នាទីកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ណែម ណយ ភេទប្រុស អាយុ ៣៣ឆ្នាំ និងដកហូតវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំតាមនីតិវិធី ។
សូមបញ្ជាក់ថា ដោយមានបញ្ជាពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រគល់ទូរស័ព្ទដៃម៉ាក IPHONE 11 PRO MAX ពណ៌ទឹកមាស ឲ្យទៅជនរងគ្រោះយកទៅប្រើប្រាស់វិញ ៕ អែល វិចិត្រ