ខេត្តតាកែវ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង១៨នាទី នៅភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ធាក់ផ្តួល និងវាយយកម៉ូតូ) កើតឡើង បង្កដោយជនសង្ស័យមានគ្នា ០៥នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូចំនួន ០៣គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ និង វាយជនរងគ្រោះឈ្មោះ ណុច ដារ៉ាជន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ហើយយកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-8986 និងទូរស័ព្ទ០១គ្រឿងម៉ាកអូប៉ូ រួចគេចខ្លួនបាត់ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូ តាមផ្លូវម្នាក់ឯង ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្តាញ់ បានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៦ ខែឆ្នាំដដែល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងចំណោម ០៥នាក់៖ ១/ឈ្មោះ ម៉េង ឈាងលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ២/ឈ្មោះ ជា លីណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់មកកម្លាំងយើង បាននាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ 097 7780068 សូមអរគុណ! ៕