ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយបុរសម្នាក់បង្ហោះថា «ស្នងការខេត្តកំពង់ចាម រឹកធំម៉្លេះ ហេតុអ្វីអ្នកកាសែតសួរផ្លូវច្បាប់មិនឆ្លើយ»
សន្តិសុខសង្គម
66

ខេត្តកំពង់ចាម ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញនូវសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា នាវេលាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ មានគណនី(Face book) ឈ្មោះ លីពៅ កំពង់ចាម បានបង្ហោះខ្លឹមសារថា «ស្នងការខេត្តកំពង់ចាមរឹកធំម៉្លេះ ហេតុអ្វីអ្នកកាសែតសួរផ្លូវច្បាប់មិនឆ្លើយ» ពាក្យ ពេចន៍ របស់បុគ្គលដែលបានបង្ហោះនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រធាន អង្គភាពអនុវត្តច្បាប់យើងខ្ញុំ ដែលជាថ្នាក់ដឹកនាំ កំពុងបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ។

អង្គភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសារធារណជន និងប្រជាពលរដ្ឋ ដែលជាអ្នកតាមដានព័ត៌មានតាមបណ្តាញសង្គមមេត្តាជ្រាបថា សម្រាប់ការបង្ហោះដោយប្រើពាក្យសម្តីអសីលធម៌ ជាសាធារណៈបែបនេះ បានឆ្លុះបញ្ចាំងពីអំពើមួយ ដែលមន្ត្រីកងកម្លាំងក្រោមឱវាទពិបាកនឹងទទួលយក មកលើ ថ្នាក់ដឹកនាំរបស់ខ្លួន ដែលជាស្ថាប័នមានសមត្ថកិច្ច ។

ក្នុងន័យនេះ អង្គភាពយើងខ្ញុំ ស្នើបុគ្គលដែលជាម្ចាស់គណនី (Face book) ឈ្មោះ លីពៅកំពង់ចាម ធ្វើការសុំទោសជាសាធារណៈជាបន្ទាន់ ដល់ប្រធានអង្គភាពយើងខ្ញុំ ក្នុងរយៈពេល២៤ម៉ោង ប្រសិនបើពុំដូច្នោះទេ យើងខ្ញុំនឹងធ្វើការដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ទៅស្ថាប័នតុលាការ ដើម្បីរកយុត្តិធម៌ ជូនប្រធានអង្គភាពយើងខ្ញុំ ដែលជាថ្នាក់ដឹកនាំកំពុងបំពេញការងារ ក្នុងមុខងារសាធារណៈជាក់ជាមិនខាន ។

ភ្ជាប់ជាមួយគ្នានេះដែរ ចំពោះខ្លឹមសារ នៃសំណួរដែលសួរថា ៖

ជនបង្កជម្លោះ “វ៉ៃគ្នា” ក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រសិនជាចាប់បាន នឹងត្រូវពិន័យ ក្នុងម្នាក់៤លានរៀល ។

អ្នកមានស្នាដៃចាប់ជនបង្កបានម្នាក់ នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន៥០០.០០០រៀល ។ ខ្លឹមសារនេះ អង្គភាពយើងខ្ញុំពុំអាចបកស្រាយបាននោះទេ ព្រោះសំណួរនេះ ពុំស្ថិតក្នុងទិដ្ឋភាពច្បាប់ ហើយសំណួរនេះ ក៏ពុំដឹងមានប្រភពចេញពីណានោះដែរ ។

អាស្រ័យហេតុនេះ សូមសាមីខ្លួន និងសាធារណជន ជាអ្នកប្រើប្រាសបណ្តាញសង្គម ទទួលជ្រាបជាព័ត៌មាន ៕


Telegram