ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានចេញនូវសេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤
យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសជម្រាបដំណឹងជូនដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា បងប្អូនប្រជាពលរដ្ឋ សាធារណជន និងភ្ញៀវជាតិ-អន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមុខ សាលាខេត្តកំពង់ចាម ចាប់ពីម៉ោង១៤.០០នាទីតទៅ និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុង ខេត្តកំពង់ចាម។
ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវិតាឆ្នាំថ្មីព្រះនាម “មហោទរាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមរយៈពេល ៤ថ្ងៃ រដ្ឋបាលខេត្តនឹងមានរៀបចំលេងល្បែងប្រជាប្រិយ និងការប្រគុំតន្ត្រីសម័យនាពេលរាត្រី ជូនបងប្អូនមកចូលរួមទស្សនា និងលេងកម្សាន្តសប្បាយក្រោមម្លប់ សុខសន្តិភាព។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកកម្សាន្តសប្បាយឱ្យបានច្រើនកុះករនៅ ខេត្តកំពង់ចាមតាមទីតាំងរៀបចំសង្ក្រាន្តកំពង់ចាម ដើម្បីជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណី ជាតិខ្មែរដ៏ល្អផូរផង់របស់យើង៕