ខេត្តប៉ៃលិន៖ យោងតាមផេកផ្លូវការរបស់ GRK News បានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះបង្រ្កាបមុខសញ្ញាជនសង្ស័យជូញដូរ និងប្រើប្រានូវសារធាតុញៀន ស្ថិតនៅចំណុចភូមិផ្សារព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ SATHIN PHANSREE ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាយ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
កម្លាំងបានចាប់យកវត្ថុតាងថ្នាំញៀនម្សៅក្រាបពណ៌ស ចំនួន ១៥កញ្ចប់, គ្រាប់ថ្នាំពណ៌ផ្កាឈូកសង្ស័យសារធាតុញៀន ចំនួន ១៣គ្រាប់, ទូរស័ព្ទចំនួន០១គ្រឿង, លិខិតឆ្លងដែនចំនួន ០១, ចិញ្ចៀនលោហៈពណ៌លឿង ចំនួន ០១, បារីអេឡិចត្រូនិច ចំនួន ០៣ ដើម, កញ្ជាក្រៀម ០១ កញ្ចប់តូច,ជញ្ជីងចំនួន ០១, ថង់សម្រាប់ដាក់ថ្នាំញៀនមួយចំនួន, ដបថ្នាំសង្ស័យមានសារធាតុញៀន ចំនួន ៤៨ ដប, កាបូបស្ពាយពណ៌ក្រហម ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ៕