រកឃើញហ្វូស៊ីលដើមឈើ ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ ត្រូវបានក្រុមការងារជំនាញ រកឃើញនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង
សន្តិសុខសង្គម
210

យោងតាមផេកផ្លូវការរបស់ ក្រសួងបរិស្ថាន បង្ហោះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។

ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។

បើតាមលទ្ធផលពីក្រុមស្រាវជ្រាវហ្វូស៊ីល បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញផូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកផូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័យកាល Jurassic - Cretaceous (251-65លានឆ្នាំ)។

សូមជម្រាបថា ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន នារយៈកាលកន្លងទៅបាន រកឃើញហ្វូស៊ីជាច្រើន រាប់ទាំងហ្វូស៊ីលសត្វសមុទ្រ ហ្វូស៊ីលឆ្អឹង, ហ្វូស៊ីសត្វ, ហ្វូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន។

ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មានតួនាទីចំបងសិក្សា ស្រាវជា្រវ រៀបចំទិន្នន័យនានា ពិនិត្យ តាមដាន និងរាយការណ៍អំពីស្ថានភាពតំបន់បេតិកភណ្ឌធម្មជាតិ ការពារ អភិរក្ស ទប់ស្កាត់បទល្មើស ធនធានវប្បធម៌ និងស្តារធនធាន តំបន់បេតិកភណ្ឌធម្មជាតិឱ្យមាននិរន្តរភាព ក៏ដូចជាចូលរួមថែរក្សា ប្រពៃណី ទំនៀមទម្លាប់ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ជនជាតិដើមភាគតិច ដែលរស់នៅក្បែរតំបន់បេតិកភណ្ឌធម្មជាតិ៕


Telegram