រថយន្តម៉ាកព្រូសបើកបរឆ្លងផ្លូវមិនគោរពសិទ្ធិអាតិភាពផ្លូវត្រង់ ម៉ូតូបុកពេញទំហឹង របួសធ្ងន់២នាក់
សន្តិសុខសង្គម
227

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកព្រូសមួយគ្រឿង បើកបរឆ្លងផ្លូវមិនគោរពសិទ្ធិអាតិភាពផ្លូវត្រង់ ម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏បានបុកចំពីមុខ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង១៥នាទី ត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រ មុខបុរី មួយកន្លែង ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BR-0942 បើកបរដោយឈ្មោះ DAI XIAOJUN ភេទប្រុស ជនជាតិចិន អាយុ៥៤ឆ្នាំ មុខរបរ វិស្វ័ករសំណង់ មានទីលំនៅផ្ទះជួលភូមិព្រៃទា សង្តាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ពុំមានរងរបួសឃាត់ខ្លួន ប្រគល់អោយការិល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ) និងភាគីម៉ូតូម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HF-6636 បើកបរដោយ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស (រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យរុស្សី) (ពាក់មួកសុវត្តិភាព) ដោយមានអ្នករួមដំណើរពីក្រោយឈ្មោះ ហឺន គឹមលីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យរុស្សី) (ពាក់មួកសុវត្តិភាព) ។

សមត្ថកិច្ចបញ្ជាក់ទៀតថា មុនពេលកើតហេតុ រថយន្តបើកបរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត។ ចំណែកម៉ូតូបើកបរក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានបុកចំពីមុខរថយន្តពេញទំហឹង បណ្តាលអោយបោកដួលរងរបួសតែម្តង បណ្តាលមកពីភាគីរថយន្ត បើកបរឆ្លងផ្លូវមិនគោរពសិទ្ធិអាតិភាពផ្លូវត្រង់ ធ្វើឲ្យម៉ូតូនិងរថយន្តរងការខូចខាតធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្ត ៕ អែល វិចិត្រ


Telegram