ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង០១និង២០នាទីរំលងអធ្រាត្រ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើង បណ្តាលអោយផ្ទះប្រជាពលរដ្ឋ ចំនួន០៣ គ្រួសារ ត្រូវបានអគ្គិភ័យលេបត្របាក់បណ្តាលអោយឆេះខូចខាតទាំងស្រុង។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្រោយពីបានទទួលព័ត៌មានស្តីពី ករណីគ្រោះអគ្គិភ័យខាងលើនេះភ្លាមលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានបញ្ចេញរថយន្តសង្រ្គោះអគ្គីភ័យ ចំនួន ៥គ្រឿងរបស់កម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ សហការណ៍ជាមួយកម្លាំង អធិការនគរបាលស្រុកពេជ្រាដា និងវរៈសេនាតូចនគរបាលការពារព្រំដែន គោក៣០៣ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពូជ្រៃ រួមទាំងកម្លាំងស្នាក់ការអាវុធហត្ថ ៧៦២ ស្រុកពេជ្រាដា ដឹកនាំដោយលោកស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យព្រមទាំងកម្លាំងលោក អធិការនគរបាលស្រុកពេជ្រាដា លោកនាយរងការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះលោក មេបញ្ជាការរងវរៈ ៣០៣ ដោយប្រើប្រាស់កម្លាំង សរុប២៣នាក់ និងរថយន្តពន្លត់អគ្គីភ័យ ចំនួន ០៥គ្រឿង ទៅពន្លត់ភ្លើងដែលកំពុងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ខ្នងខាងលើដែលស្ថិតនៅក្នុង ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយករណីគ្រោះអគ្គីភ័យមានឈ្មោះដូចខាងក្រោម៖
ទី ១-ម្ចាស់ផ្ទះមាន ឈ្មោះ មាណ សៃណុប ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ចាម សញ្ជាតិ ខ្មែរផ្ទះមានទំហំ ០៨ម៉ែត្រ x ១៦ម៉ែត្រ ត្រូវបានអគ្គីភ័យលេបត្របាក់ឆាបឆេះទាំងស្រុងនិងតូបលក់គុយទាវ ចំនួន ០១ខ្នង ដែលមានប្រវែង ១១ម៉ែត្រ x១៣ ម៉ែត្រ។
ទី ២-ម្ចាស់ផ្ទះមាន ឈ្មោះ មាណ សារីហ្វះ ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ ចាម សញ្ជាតិខ្មែរដែលផ្ទះ មានទំហំប្រវែង០៨ ម៉ែត្រx ១៥ ម៉ែត្រត្រូវបានអគ្គិភ័យលេបត្របាក់ឆាបឆេះទាំងស្រុង។
ទី ៣-ម្ចាស់ផ្ទះមាន ឈ្មោះ មាណ ជុំ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ចាម សញ្ជាតិ ខ្មែរដែលមានផ្ទះទំហំ ប្រវែង ០៧ ម៉ែត្រx ២០ម៉ែត្រ ត្រូវបានអគ្គិភ័យលេបត្របាក់ឆាបឆេះទាំងស្រុង។
តបតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថាករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ បានកើតឡើងគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ផ្ទុះសេខ្សែដាំកំសៀវដាំទឹកក្តៅ) ចេញពីផ្ទះ មាណ សៃណុប ភេទស្រី ៤៤ ឆ្នាំ ជនជាតិ ចាម សញ្ជាតិ ខ្មែរ។
ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចការិយាល័យបង្ការ និងពន្លត់អគ្គិភ័យប្រើប្រាស់ទឹកអស់ ចំនួន ៣៥រថយន្ត ទើបភ្លើងបានរលត់ទាំងស្រុងករណី គ្រោះថ្នាក់អគ្គិភ័យខាងលើនេះកម្លាំងសមត្ថកិច្ចយើងទៅសង្រ្គោះមិនបានទាន់ពេលវេលាដោយ មូលហេតុផ្លូវឆ្ងាយដែលមានប្រវែង ប្រហែល ៤០គីឡូម៉ែត្រ ឯនោះករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ មិនបង្កគ្រោះថ្នាក់បាត់បងដល់អាយុជីវិតរបស់ប្រជាពលរដ្នឡើយ៕