គេនៅចាំថា តារាសម្តែង ម៉ក់ ឈុនលី បានបាត់មុខពីការងារសិល្បៈមួយរយៈ ដោយសារតែយកពេលវេលាផ្តោតលើការសិក្សា លុះប្រឡងជាប់បាក់ឌុបទើបលោកចាប់ផ្តើមទទួលការងារសិល្បៈវិញដូចមុន។ តួយ៉ាង គ្រាន់តែត្រឡប់មកវិញភ្លាម ឈុនលី ទទួលបានការងារច្រើនជាហូរហែ ដូចជា ភាពយន្ត ថតស៉្បតពាណិជ្ជកម្ម ថតផ្សព្វផ្សាយផលិតផល និងជាម៉ូដែលថតរូបហ្វេសសិនឱ្យយីហោសម្លៀកបំពាក់ធំៗជាច្រើន។
ថ្បិតតមើលទៅហាក់វ័យក្មេងបន្តិចក៏ពិតមែន តែ ឈុនលី មានបទពិសោធន៍សម្តែងពេញខ្លួន ព្រោះលោកប្រឡូកសិល្បៈតាមពីក្មេង និងបានចូលរួមសម្តែងរឿងឱ្យផលិតករធំៗជាច្រើនរួចមក បើនិយាយពិនិមិត្តរូប (idol) ក្នុងវិស័យសិល្បៈរបស់លោកវិញ គឺតារាសម្តែងជើងចាស់ អ្នកនាង ស្វែង សុជាតា ដោយសារកន្លងមកលោកធ្លាប់រួមសម្តែងជាមួយរៀមច្បងរូបនេះ និងបានឃើញពីទេពកោសល្យ សមត្ថភាព ភាពប៉ិនប្រសប់ អាចបត់បែនបានគ្រប់កាលៈទេសៈ គ្រប់តួអង្គដែលផលិតករចង់បាន។
នៅក្នុងបទសម្ភាសន៍ជាមួយ ឈុនលី យើងបានសួរថា តើគាត់មានគម្រោងធ្វើអ្វីសម្រាប់ពេលអនាគត។
លោកថាបន្ទាប់ពីចុះកុងត្រាជាមួយក្រុមហ៊ុនអន្តរជាតិដែលលោកមិនអាចបញ្ចេញបាននៅពេលនេះ លោកបានហ្វឹកហាត់ជាភាសាចិន ថៃ រាំ ច្រៀង ហើយបច្ចុប្បន្នកំពុងធ្វើការជាមួយផលិតករ កំពូលមួយហើយគ្រោងរៀបចំ បទភ្លេងរបស់លោក ដែលលោកសង្ឃឹមថានឹងបង្ហាញនៅឆ្នាំនេះ។
លោក ពិតជាអរគុណចំពោះការគាំទ្រទាំងអស់ពីក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រដែលលើកទឹកចិត្តគាត់ អោយមានកំលាំងចិត្តចូលប្រឡូកនិងវិស័យសិល្បៈតន្ត្រីផ្នែកច្រៀង ហើយតន្ត្រីជាចំណង់ចំណូលចិត្តដែលគាត់ស្រលាញ់តាំងពីក្មេងមក។
ឈុន លី សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តគាំទ្រគាត់ក្នុងដំណើររបស់លោកចូលក្នុងវិស័យចម្រៀង ៕