រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋនានគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង០២:១០នាទីរំលងអធ្រាត ចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំការិយាល័យជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចូលរួមសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាប ជាក់ស្តែងទីតាំងក្លិបយីហោ ថាំងហួយ ពាក់ព័ន្ធករណីលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះលេខ ៦៦ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១១នាក់ ស្រី ៤៥នាក់ (ជនជាតិខ្មែរ ១៤នាក់ និងជនបរទេស ៩៧នាក់ (ចិន ៦០, វៀតណាម ៣៤, កូរ៉េ ២, ម៉ាឡេស៊ី ១)។
វត្ថុតាងចាប់យក៖ ថ្នាំញៀនប្រភេទគ្រវីចម្រុះប្រហែលជាង ៥គីឡូក្រាម, ឧបករណ៍សម្រាប់លេងគ្រឿងញៀនមួយចំនួន, រថយន្តចំនួន ៤គ្រឿង (Alpharetta 1, Mercedes 1, RangRover 1, Starex 1)។
បច្ចុប្បន្នជនសង្ស័យ សម្ភារៈ និងវត្ថុតាងខាងលើ យកទៅរក្សាទុកនៅមន្ទីប្រឆាំងគ្រឿងញៀន៕