នគរបាលខណ្ឌដង្កោ បង្ក្របបានជនសង្ស័យម្នាក់ ដែលកំពុងប្រើម៉ាឡេត ដោះបង្គោលផ្លាកសញ្ញាចរាចរណ៍តាមផ្លូវសាធារណៈ
សន្តិសុខសង្គម
119

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខណ្ឌដង្កោ បង្ក្រាបជាក់ស្តែង បទល្មើសអំពើ លួចមានស្ថានទម្ងន់ទោស ដោយការគាស់ទំលុះទំលាយ (ប្រើម៉ាឡេតដោះបង្គោលផ្លាកសញ្ញាចរាចរណ៍) កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៤និង១០នាទី ត្រង់ចំណុចស្ពានបាក់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាត ចំរ៉ុង ហៅ ម៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះ វត្ថុតាងចាប់យក៖ ម៉ាឡេតចំនួន០១, កង់ពណ៌ស ចំនួន០១, ផ្លាកសញ្ញាចរាចរណ៍ដោះចេញពីបង្គោលចំនួន០២ (ពណ៌លឿងចំនួន០១, ពណ៌ខៀវចំនួន០១), បង្គោលដែកទីបមូលប្រវែង៦០សង់ទីម៉ែត្រចំនួន០២ដើម, ដែកសម្រាប់ចាប់ផ្លាកសញ្ញាចរាចរណ៍ភ្ជាប់ជាមួយបង្គោលចំនួន០៣, ខ្ចៅសម្រាប់ចាប់ភ្ជាប់់ផ្លាកសញ្ញាចរាចរណ៍មួយចំនួន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៤និង១០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹស បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស តាមផ្លូវជាតិលេខ០២ ពីកើតទៅលើ ដល់ចំណុចស្ពានបាក់ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ សាត ចំរ៉ុង ហៅ ម៉ុង ភេទប្រុស អាយុ២៣ឆ្នាំ បានធ្វើសកម្មភាពប្រើម៉ាឡេតដោះបង្គោលផ្លាកសញ្ញាចរាចរណ៍ ដែលចាប់ភ្ជាប់នៅទ្រូងផ្លូវ ចំនួន០២ បង្គោល ហើយដោះបំបែកផ្លាកសញ្ញាចេញពីបង្គោល រួចលើកដាក់លើកង់ពណ៌សចំនួន០១គ្រឿ ជិះគេចខ្លួន។

ពេលនោះកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាត ចំរ៉ុង ហៅ ម៉ុង រួមនិងវត្ថុតាង ១/ម៉ាឡេតចំនួន០១, ២/កង់ពណ៌ស ចំនួន០១, ៣/ផ្លាកសញ្ញាចរាចរណ៍ដោះចេញពីបង្គោលចំនួន០២ (ពណ៌លឿងចំនួន០១, ពណ៌ខៀវចំនួន០១), ៤/បង្គោលដែកទីបមូលប្រវែង៦០សង់ទីម៉ែត្រចំនួន០២ដើម, ៥/ដែកសម្រាប់ចាប់ផ្លាកសញ្ញាចរាចរណ៍ភ្ជាប់ជាមួយបង្គោលចំនួន០៣, ៦/ខ្ចៅសម្រាប់ចាប់ភ្ជាប់់ផ្លាកសញ្ញាចរាចរណ៍មួយចំនួន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ សាត ចំរ៉ុង ហៅ ម៉ុង បានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកម្នាក់ទៀតឈ្មោះ សឿន សែន ភេទប្រុស អាយុ២៦ឆ្នាំ ពិតជាបានជិះកង់មកធ្វើសកម្មភាពប្រើម៉ាឡេតដោះយកបង្គោលផ្លាកសញ្ញាចរាចរណ៍ចំនួន០២បង្គោល ដែលចាប់ភ្ជាប់នៅទ្រូវផ្លូវជាតិលេខ២ ហើយដឹកបង្គោលផ្លាកសញ្ញាចរាចរណ៍គេចខ្លួន បានចំងាយប្រហែល១៥ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចសមត្ថកិច្ចឃាត់ខ្លួនបានប្រាកដមែន ចំណែកបក្ខពួកឈ្មោះ សឿន សែន បានគេចខ្លួនបាត់។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ឡូង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram