ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានចេញនូវសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសង្ក្រាន្ត ខេត្តកណ្តាល ដើម្បីអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។
រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំ សង្ក្រាន្តខេត្តកណ្តាល ដើម្បីអបអរ សាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ រយៈពេល ០៤ថ្ងៃ ចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅ « មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ » ។
ក្នុងស្មារតីថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ និងដើម្បីបង្កបរិយាកាសសប្បាយរីករាយជូន ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន បានកម្សាន្តសប្បាយរីករាយ «ក្រោមម្លប់សន្តិភាព» រដ្ឋបាល ខេត្តកណ្តាល មានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា៖ ពិធីទទួល ទេវតាឆ្នាំថ្មី ការសម្តែងសិល្បៈ របាំប្រពៃណី-របាំបុរាណ កម្មវិធីប្រគំតន្ត្រីបុរាណ-សម័យ កម្មវិធីលេងល្បែង ប្រជាប្រិយ កម្មវិធីប្រោះព្រំថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ កម្មវិធីដាក់តាំងបង្ហាញសមិទ្ធផលខេត្ត ការតាំងពិព័រណ៍ កម្មវិធីកីឡា រត់ប្រណាំង ប្រណាំងកង់ កីឡាបាល់ទាត់ (នារី) កីឡាទាញព្រ័ត្រ កីឡាសីស្លាប ពិធីបណ្តែតគោម និងបាញ់កាំជ្រួច នាពេលរាត្រីផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន គ្រប់មជ្ឈដ្ឋាន ទាំងអស់សូមជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរ សង្ក្រាន្តខេត្តកណ្តាល តាមកាលបរិច្ឆេទនិងទីតាំងខាងលើ ឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយភាពអធិក អធមនិងប្រកបដោយបរិយាកាសសប្បាយរីករាយ៕