រាជធានីភ្នំពេញ ៖ ហួសចិត្ត រថយន្តព្រូសមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បញ្ជាក់ថា បើកលឿនណាស់ បានបុកជាមួយកង់បីឥណ្ឌាមួយគ្រឿង ដែលកំពុងដឹកព្រះសង្ឃ ផ្លោងក្រឡាប់ផ្ងារជើង បាក់ជើងអ្នកបើកកង់បី ចំណែកព្រះសង្ឃរបួសមធ្យម រួចមិនឈប់ដោះស្រាយនោះទេ សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះ ព្យាយាមបន្តបើករត់ រេចង្កូតឡើងខឿនផ្លូវ បុកបង្គោលភ្លើងបាក់អស់មួយដើម ទៅមុខលែងរួច ខ្ទេចរថយន្តយ៉ាងដំណំតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តបង្កម៉ាក Toyota Prius មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-1271 បានបុកជាមួយកង់បីឥណ្ឌាមួយគ្រឿង ដែលកំពុងដឹកព្រះសង្ឃ បណ្តាលឲ្យក្រឡាប់ផ្ងារជើង របួសអ្នកបើកកង់បីបាក់ជើង រីឯព្រះសង្ឃរបួសមធ្យម នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ។ ភ្លាមៗរថយន្តនោះ មិនបានឈប់នោះទេ បានបន្តបើករត់មកទិសខាងជើង តាមផ្លូវ៦០ម៉ែត្រ មកដល់ស្តុបហាងរថយន្តមេកស័ដេស ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏រេចង្កូតឡើងខឿនផ្លូវ បោលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម ខ្ទេចរថយន្តផ្នែកខាងមុខ និងបែកកង់ទៅមុខលែងរួចតែម្តង រួចប្រញាប់ចុះពីរថយន្តគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង យករថយន្តខាងលើ និងកង់បីទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ