រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីឡា ដែលជាតំបន់ស្មុកស្មាញ មានក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នា ប្រើប្រាស់សារធាតុញៀន ធ្វើឱ្យប្រជាពលរដ្ឋដែលនៅតំបន់នោះមានការភ័យព្រួយ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះធ្វើរដ្ឋបាល ជាប្រចាំ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋឲ្យបានល្អប្រសើរ។
ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ធ្វើឡើងដោយមានការណែនាំ ពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំផ្ទាល់ដោយលោក ណុប ផា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាល៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានត្រួតពិនិត្យ និងឃាត់ខ្លួនមនុស្សប្រុសស្រីមួយចំនួន និងដកហូតសារធាតុញៀនមួយចំនួនផងដែរ។
លោក ណុប ផា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧ មករាបានដឹកនាំចុះផ្ទាល់នៅការចុះធ្វើរដ្ឋបាលនេះ លោកបានឲ្យដឹងថាការចុះធ្វើរដ្ឋបាលគឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌធ្វើ នៅតំបន់ស្មុគស្មាញ មូលដ្ឋានខណ្ឌ ៧មករាទាំងមូល ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសទាំងឡាយ កើតមានឡើងនិងដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកអភិបាលរងបានបន្ថែមថាកន្លងមកកម្លាំងគណបញ្ជាការឯកភាពខណ្ឌបានចុះធ្វើរដ្ឋបាលក៏បានកំណត់មុខសញ្ញាដែលមុខសញ្ញាឆក់ប្លន់សកម្មផងដែរត្រូវបានកម្លាំងជំនាញកសាងដុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាល៧មករា បាទលើកឡើងផងដែរថាតំបន់ដែលស្មុគស្មាញនេះកម្លាំងអាជ្ញាធរខណ្ឌ ៧មករានិងធ្វើដូចជាភ្លៀងរលឹមដើម្បីបង្ការទប់ស្កាត់និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់រស់នៅបានសុខ ដោយឱ្យមិនមានការភ័យខ្លាចពីសំណាក់ក្រុមក្មេងទំនើង។
ជាចុងក្រោយលោកអធិការបានសំណូមពរដល់ប្រជាពលរដ្ឋដែលនៅតំបន់បុរីកីឡានេះសូមជួយសហការជាមួយនឹងអាជ្ញាធរ ដើម្បីអាជ្ញាធរបានដាក់កម្លាំងចុះជួយអន្តរាគមន៍បង្ការទប់ស្កាត់បានទាន់ពេលវេលាជាពិសេសបញ្ហាក្មេងទំនើង ជាដើម ៕ អែល មេសា