មន្ត្រីជំនាញសហការគ្នាចុះពិនិត្យ ផ្លូវឆ្លងកាត់ផ្លូវរថភ្លើង និងផ្លាកសញ្ញាចរាចរណ៍ តាមផ្លូវរថភ្លើង ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
សន្តិសុខសង្គម
195

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា ការចុះធ្វើបច្ចុប្បន្នភាពផ្លូវឆ្លងកាត់ផ្លូវរថភ្លើង និងផ្លាកសញ្ញាចរាចរណ៍តាមផ្លូវរថភ្លើង ដើម្បីចាត់វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងជំរុញការបំពាក់ឧបករណ៍សុវត្ថិភាពនៅតាមទីតាំងផ្លូវឆ្លងកាត់ ដើម្បីធានាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ។

នាថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ ដោយទទួលបានការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញរបស់នាយកដ្ឋានផ្លូវដែក និងក្រុមហ៊ុន រូយ៉ាល់ រេលវេ និងអង្គភាពពាក់ព័ន្ធ បានចុះធ្វើបច្ចុប្បន្នភាព ផ្លូវឆ្លងកាត់ផ្លូវរថភ្លើង និងផ្លាកសញ្ញាចរាចរណ៍ តាមផ្លូវរថភ្លើង។

ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចាប់ផ្តើមចេញពីស្ថានីយរថភ្លើងភ្នំពេញ(Pk0+000) ឆ្ពោះទៅកាន់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមបណ្តោយផ្លូវរថភ្លើងទិសខាងជើង។

ជាមួយគ្នានេះផងដែរ ក្រសួងស្នើសុំប្រជាពលរដ្ឋចូលរួមអនុវត្តជាចាំបាច់នូវវិធានសុវត្ថិភាពមួយចំនួនដូចខាងក្រោម៖

១.ត្រូវគោរពសិទ្ធិអាទិភាពនៃចរាចរណ៍ខ្សែរថភ្លើងគ្រប់ពេលវេលា មុននឹងធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង

២.ត្រូវពិនិត្យមើលផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងស្តាប់សំឡេងស៊ីរ៉ែនរបស់ឧបករណ៍ការពារសុវត្ថិភាពស្វ័យប្រវត្តិ សំឡេងស៊ីផ្លេរបស់រថភ្លើងឱ្យប្រុងប្រយ័ត្ន មុននឹងឆ្លងកាត់ផ្លូវរថភ្លើង

៣.ត្រូវអនុវត្ត និងគោរពតាមការណែនាំ របស់ឆ្មាំរបាររថភ្លើង រាល់ពេលឆ្លងកាត់ផ្លូវរថភ្លើង

៤.ត្រូវស្ថិតនៅ ឬ ឈប់នៅ ខាងក្រៅរបារសុវត្ថិភាព រាល់ពេលមានខ្សែរថភ្លើងឆ្លងកាត់ផ្លូវ ។

សូមបញ្ជាក់ថា ការចុះពិនិត្យនេះ គឺធ្វើឡើង ក្រោយមានហេតុការណ៍រថយន្តដឹកអ្នកដំណើរ បុកជាមួយរថភ្លើង កាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល ៕


Telegram