ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង មានអគ្គិភ័យមួយកើតឡើងដោយបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ធ្វើសកម្មភាពដុតម៉ូតូដែល ជិះនោះចោលបង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ហើយភ្លាមៗត្រូវបានធ្វើការអន្តរាគមន៍ ពន្លត់បានតែម៉ូតូត្រូវខូចខាតស្ទើរទាំងស្រុង ហើយក្នុងឧប្បត្តិហេតុនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ អ្នកណាឡើយ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
នៅពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាឱ្យមន្រ្តីនរបាលធ្វើការស្រាវជ្រាវជុំវិញករណីនេះ ស្វែងរកបុរសដែលធ្វើសកម្មភាពដុតម៉ូតូនោះហើយនៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯកឡុង យោធាវីរៈ ជាអធិការបានដឹកនាំស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់ឈ្មោះទូច សុផាន់ណា ហៅភិន អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់នៅចំណុចភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបងនាំមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។
តាមលទ្ធផលនៃការសាកសួរនេះជនសង័្សយខាងលើបានឆ្លើយសារភាពថា នាព្រឹកនោះគឺរូបគេបានធ្វើសកម្មភាពយកចបកាប់វាយបំ ផ្លាញទីបូជនីយដ្ឋានសាសនាឬបូ ជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា (វាយស្តូបទីសក្ការបូជា ដាក់ធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម) នៅ ក្នុងបរិវេណវត្តសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ហើយពេលវាយបំផ្លាញវត្ថុនៅទីនេះរួច រួបគេបានជិះម៉ូតូខាងលើ មកដល់ចំណុចសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គេបានដុតម៉ូតូនោះបង្កឱ្យឆាបឆេះរួចគេគេចខ្លួនតែម្តង។
ចំពោះមូលហេតុដែលនាំទៅដល់ការប្រព្រឹត្តិនូវសកម្មភាពបែបនេះរូបគេបានឆ្លើយសារភាពថា គេបានប្រើប្រាស់គ្រឿងញៀនក្នុងកម្រិតច្រើន។
នៅពេលនេះលោកអធិការនគរបាលស្រុកឯកភ្នំបានបញ្ជាក់ថា ការធ្វើតេស្តស្វែងរកសារធាតុញៀនចំពោះជនសង័្សយខាងលើ បានបង្ហាញថា គេពិតជាមានវិជ្ជមាននៃសារធាតុញៀននៅក្នុងខ្លួនប្រាកដមែន។
យ៉ាងណាក៏ដោយជនសង័្សយរូបនេះ សមត្ថកិច្ចនឹងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ ៕