រាជធានីភ្នំពេញ ៖ នៅលើបណ្តាញសង្គម កាលពីម្សិលមិញ មានការផុសនិងចែកចាយបន្ត នូវភាពកាមេរ៉ាសុវត្ថិភាពមួយ ដែលបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ ដែលគេស្គាល់ថា ជាអ្នកលក់អនឡាញ ដែន សូនី ប្រើហិង្សារទៅលើស្ត្រីម្នាក់ តាំងពីក្នុងបន្ទប់ជួល រហូតចេញមកក្រៅបន្ទប់ ។
ក្រោយមក គេក៏ឃើញផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ទាំងស្រុងថា ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ បានប្រើអំពើ-ហិ.:ង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល០១កន្លែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បុរសនោះយកមកសាកសួរនោះហើយ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន ។
ទោះបីជាយ៉ាងណា គេក៏ឃើញភាគីក្នុងរូបភាពនេះ បានចេញមុខឡាយវីដេអូបញ្ជាក់ថា នោះជាវីដេអូ Prank (ដាក់វីដេអូ)
តែទោះបីជាយ៉ាងណា នៅក្នុងផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលទៅបញ្ចេញមតិបន្ថែមជុំវិញរឿងនេះថា «ទោះបីយ៉ាងណា ក៏ត្រូវអញ្ជើញចូលមកទាំងពីរនៅកន្លែងសមត្ថកិច្ចវេលាថ្ងៃស្អែក»។ ក្នុងនោះ ក៏មានមហាជនចូលទៅបញ្ចេញមតិតបជាមួយឯកឧត្តមស្នងការថា « លោកពូជាទីគោរព ! សកម្មភាពទាំងនោះត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព មិនមែនមនុស្សទៅថតជិតឡើយ មានន័យថានោះជារឿងពិត ។ ឥលូវមានតួអង្គ២នាក់នៅក្នុងវីដេអូនោះ ចេញមុខបកស្រាយថាជាការសម្តែង ឬ Prank ហើយថាវីដេអូនោះខ្ទង់មួយឆ្នាំហើយ តែតាមពិតរឿងនោះកើតឡើងកាលពីខែ១២ ឆ្នាំ២០២៣ថ្មីៗប៉ុន្មានខែនេះទេ(ក្នុងវីដេអូមានថ្ងៃខែឆ្នាំ) ។ សរុបសេចក្តីមកវិញ សំណូមពរដល់សមត្ថកិច្ចមេត្តាស៊ើបអង្កេតរឿងនេះអោយបានស៊ីជម្រៅ ប្រសិនបើរឿងនេះជាការពិត ជនបង្កហិង្សាត្រូវទទួលទោសតាមច្បាប់ ហើយបើសិនជារឿងប្រឌិតចង់ល្បី ទាំងបុរសនិងនារីក្នុងវីដេអូនេះ ត្រូវទទួលទោសតាមច្បាប់ដូចគ្នា ព្រោះជាការបំពុលសង្គមខ្លាំងណាស់ ។
សូមច្បាប់កុំលើកលែងអោយពពួកមនុស្សប្រភេទនេះអី » ក្នុងនោះគេក៏ឃើញ ឯកឧត្តម ជួនណារិន្ទ បានបញ្ចេញមតិ ទៀតថា « សមត្ថកិច្ចយើងខ្ញុំមិនមានពេលប្រែងជាមួយទេ! ត្រូវតែឲ្យចូលខ្លួនជាបន្ទាន់។ ខ្ញុំបានបញ្ជាផែនព្រហ្មទណ្ឌរួចហើយ» ។
ជុំវិញករណីនេះដែរ អង្គភាពTVFB បានសាកសួរទៅកាន់លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាតើបុគ្គលបែបនឹងគួរចាត់វិធានការបែបណា លោកបានបញ្ជាក់ថា ពេលនេះ ដែន សូនី បានចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយនៅព្រឹកនេះ តាមការសាកសួរ ខាងស្រីទទួលស្គាល់ពិតមានករណីហិង្សារនេះ ហើយខាងបុរសនោះវិញ ក៏បានសារភាព ថាពិតជាបានប្រើហិ...ង្សាពិតមែន ពេលនេះ សមត្ថកិច្ចកំពុងរង់ចាំចំណាត់ការបន្តពីឯកឧត្តម ស្នងការ! (ដាក់សំឡេង) ៕