រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះអាគារកំពុងសាងសង់ មួយកន្លែងហ៊ុយផ្សែងយ៉ាងសន្ធោសន្ធៅ ផ្ទុះលាន់ ផ្អើលអស់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ប្រញាប់នាំគ្នារាយការណ៍ជូនសមត្ថកិច្ច ដើម្បីចេញរថយន្ត មកអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥និង ៣០នាទីល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលក្រុមការងារTVFB ទទួលបាន បានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ឡាច សុពេជ្រ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ (តំណាងម្ចាស់ទីតាំង) មុខរបរ: វិស្វករ ខណៈការឆាបឆេះនេះ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី និងបាន ឆេះបន្ទប់ដាក់សម្ភារៈ ទំហំ ០៤ម៉ែត្រ X០៨ម៉ែត្រចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនកាត់កញ្ចក់ចំនួន ០១គ្រឿង, ម៉ាស៊ីនស្វានបុកបេតុងចំនួន ០១គ្រឿង និងសម្ភារៈសំណង់អស់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
ក្នុងរង្វង់ប្រតិបត្តិការនេះដែរ ភ្លាមៗរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្ត ចំនួន ០៣គ្រឿង ចុះមកបាញ់ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ពីខាង រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ទើបរលត់ទៅវិញនៅវេលាម៉ោង ៦យប់ថ្ងៃដដែល ៕ អែល វិចិត្រ