រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មុខសញ្ញាចាស់ដែលឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយ ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេតកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៥០នាទីត្រង់ចំណុចផ្ទះលេខ១៧ដេអា ផ្លូវលេខ២២៨ ភូមិ៣ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វើឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពរួមមាន ៖
*លើកទី១.នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤៖២០នាទី បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងឈរម្នាក់ឯងបានសំរេច នៅចំណុចចំណតឡានផ្សារទួលទំពួង ផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
*លើកទី២.នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វរលាម៉ោង០៦៖២៥នាទី បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីនារីរងគ្រោះកំពុងដើរឆ្លងផ្លូវបានសំរេចនៅចំណុចមុខការ៉ាស់ផ្ញើរឡាន ផ្លូវលេខ១៦១ ភូមិ៩ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងនោះសម្ភារៈដកហូតរួមមាន ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KE-9951(របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕