រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប្រកបរបរដឹកជញ្ជូនមិនកាក់កប បែកគំនិត ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ មិនបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាបបានភ្លាមៗ ។ នេះបើយោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហោះ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៩៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ ចុះល្បាតតាមបណ្តោយផ្លូវលេខ១៦១កែងផ្លូវលេខ១៩០ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពេលនោះក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទីនារីរងគ្រោះដែលកំពុងឈរម្នាក់ឯងតែមិនបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រួមមាន៖
*១៖ ឈ្មោះ កែវ សីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូន (អ្នកបើក)។
*២៖ ឈ្មោះ កង រីវីរ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជនដៃដល់)។
ក្នុងនោះ សម្ភារៈដកហូតមាន ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KQ-7284(របស់ជនសង្ស័យ)។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី ៕